Connect with us

ព័ត៌មាន

ផ្ទាំងប៉ាណូផ្សព្វផ្សាយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានដំឡើងតាមដងផ្លូវក្នុងរាជធានីភ្នំពេញស្វាគមន៍គណៈប្រតិភូ

ភ្នំពេញ ៖ ស្របពេលដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កាន់តែគៀកគិតចូលមកដល់នោះ កម្ពុជាបានត្រៀមលក្ខណៈពេញលេញជាស្រេច សម្រាប់ការធ្វើជាម្ចាស់ផ្ទះ រៀបកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ។

តាមតម្រាយផ្លូវសំខាន់ៗ គិតចាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ចូលមកកាន់រាជធានីភ្នំពេញ មានការរៀបចំផ្ទាំងប៉ាណូតូចធំជាច្រើន ផ្សព្វផ្សាយពីកិច្ចប្រជុំកំពូលខាងលើ ដើម្បីជាការត្រៀមសម្រាប់ការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរអញ្ចើញដល់របស់បណ្តាគណៈប្រតិភូអន្តរជាតិទាំងអស់ ពិសេសវត្តមានរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធាននាធិបតី នៃសាធារណៈរដ្ឋបាំរាំង ។

ពលរដ្ឋកម្ពុជា ក៏បានសម្តែងសេចក្តីមោទកភាពបំផុតចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ សម្រាប់ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលវាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីមុខមាត់របស់ប្រទេសជាតិ ត្រូវបានពិភពលោកទទួលស្គាល់ជាសកល ទើបគេផ្ញើរសេចក្តីទុកចិត្តសម្រាប់យើង ក្នុងការធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូល ដែលនឹងផ្តល់ផលវិជ្ជមានច្រើន ទាំងទំនាក់ទំនងការទូត និងវិស័យសេដ្ឋកិច្ច ។

ពលរដ្ឋយល់ឃើញថា ៖ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍ ទើបមហាអំណាចធំៗលើសកលលោក តែងផ្តល់ការចូលរួមក្នុងការរៀបចំកិច្ចប្រជុំ ឬព្រឹត្តិការណ៍ធំៗនៅកម្ពុជា ។ ពួកគាត់បន្ថែមថា ត្បិតកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាកិច្ចប្រជុំកំពូលដំបូងសម្រាប់ប្រវត្តិសាស្ត្រកម្ពុជាក៏ពិតមែន តែកម្ពុជាក៏ជាប្រទេសលេចធ្លោរមួយដែលធ្លាប់បានរៀបចំធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំ ក៏ដូចជាព្រឹត្តិការណ៍ធំៗសំខាន់ៗលំដាប់អន្តរជាតិជាច្រើនហើយផងដែរ ។

គួរជម្រាបថា ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានសមាជិកសហគមន៍ហ្វ្រង់កូហ្វូនីសរុប ៩០ រដ្ឋ និងរដ្ឋាភិបាល នឹងចូលរួម ។

ហ្វ្រង់កូហ្វូនី គឺជាសហគមន៍អន្តរជាតិរវាងប្រទេស និងរដ្ឋដែលប្រើប្រាស់ភាសាបារាំងជាភាសាចំណងទាក់ទង ឬភាសានិយាយ ព្រមទាំងមានការចែករំលែកតម្លៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលមានស្ថាប័នស្នូល គឺ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia