Connect with us

ព័ត៌មាន

កម្ពុជា និងហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម សេណេន ទៀមស៊ីន ម៉ង់​ហ្គា​លីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន​ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងកម្ពុជា និងហ្វីលីពីន លើវិស័យជាច្រើន រួមមាន កិច្ចសន្ទនានយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៦ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការគាំទ្រដល់ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ស្របពេលទៅនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងការគាំទ្ររបស់កម្ពុជាចំពោះការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីន ក្នុងឆ្នាំ២០២៦៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia