Connect with us

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់អចលនទ្រព្យ៖ សាទរឧត្តមភាព និងសមិទ្ធផលនៃស្ថាបត្យករនគរូបនីយកម្មកម្ពុជា

កំពូលថ្នាក់ដឹកនាំ ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យ ចូលរួមមហាព្រឹត្តិការណ៍ ប្រគល់ពានរង្វាន់ អចលនទ្រព្យកម្ពុជាឆ្នាំ២០២៦ រៀបចំដោយក្រុមហ៊ុន Realestate.com.kh នៃពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីអាគ្នេយ៍។

មហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោល បំណងលើកតម្កើង និងចារឹកទុកនូវស្នាដៃឯកនៃក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការកែប្រែទំព័រមុខមាត់ថ្មី នៃ វិស័យលំនៅឋាន អចលនទ្រព្យពាណិជ្ជកម្ម និងគម្រោងចម្រុះប្រកបដោយនវានុវត្តន៍នៅកម្ពុជា។

នាយកប្រចាំតំបន់ផ្នែកពានរង្វាន់ និងព្រឹត្តិការណ៍នៃ SEA Connect Group, លោក Adam Sutcliffe លើកឡើងថា វិស័យ អចលនទ្រព្យនៅកម្ពុជា កំពុងបន្តសាយភាយនូវមហិច្ឆតាដ៏មហស្ចារ្យ តាមរយៈស្នាដៃរបស់អ្នកអភិវឌ្ឍន៍ក្នុងការស្ថាបនាគម្រោង និង សហគមន៍ដែលជាសសរទ្រូងនៃអនាគតជាតិ។ គុណតម្លៃដ៏វិសេសវិសាលនៃពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការផ្តល់កិត្តិយសដល់ សមិទ្ធផលបុគ្គលប៉ុណ្ណោះទេ តែជាវេទិកាដ៏ស័ក្តិសិទ្ធិមួយក្នុងការរំលេចនូវគុណភាព នវានុវត្តន៍ និងចក្ខុវិស័យដ៏វែងឆ្ងាយនៃវិស័យ អចលនទ្រព្យកម្ពុជា ឆ្ពោះទៅកាន់ឆាកអន្តរជាតិក្នុងតំបន់។

ក្នុងពឹត្តិការណ៍នេះ ក្រុមហ៊ុន OCIC Group គ្រងមកុដកិត្តិយសកំពូលជាអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ កំពូលរង្វាន់កិត្តិយសប្រចាំរាត្រី គឺពានរង្វាន់ “អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ” ត្រូវបានប្រគល់ជូនក្រុមហ៊ុន OCIC Group ដែលជាសក្ខីភាពបញ្ជាក់ពីការរួមចំណែកដ៏មហាសាល និងឥទ្ធិពលដ៏ជ្រាលជ្រៅ ក្នុងការកែប្រែទិដ្ឋភាពអចលនទ្រព្យកម្ពុជា ព្រមជាមួយផលប័ត្រគម្រោងដ៏សម្បូរបែបរបស់ខ្លួន។ ក្រុមហ៊ុន OCIC Group បានសាងភាពលេចធ្លោឥតគូប្រៀប ដោយទទួលបានពានរង្វាន់បន្ថែមសម្រាប់គម្រោងធំៗចំនួន៦ផ្សេងទៀតរួមមាន៖ TIA City គ្រងពានរង្វាន់ “តំបន់ទីប្រជុំជនថ្មីប្រចាំឆ្នាំ”។ Chroy Changvar Bay ទទួលបានពានរង្វាន់ “តំបន់អភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំ ឆ្នាំ, នរា (Norea) ទទួលបានការកោតសរសើរជា “គម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្នើមប្រចាំឆ្នាំ, កោះពេជ្រ (Koh Pich) គ្រងពាន រង្វាន់ “សហគមន៍និងទីតាំងរៀបចំព្រឹត្តិការណ៍ឆ្នើមប្រចាំឆ្នាំ”, Diamond Bay Garden ឈ្នះពានរង្វាន់ “គម្រោងអភិវឌ្ឍន៍មាត់ទឹកឆ្នើម ប្រចាំឆ្នាំ”, B&V Mansion ទទួលបានពានរង្វាន់ “គម្រោងលំនៅឋានឆ្លាតវៃប្រចាំឆ្នាំ”។

ការតម្កល់ឧត្តមភាពនៃទីផ្សារអចលនទ្រព្យជាតិ៖ ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៦ ក៏បានបំពាក់កិត្តិយសដល់គម្រោង ឆ្នើមៗជាច្រើនទៀតរួមមាន៖ ក្រុមហ៊ុន Megakim World Corp Co., Ltd., គម្រោង Mean Chey Residences, គម្រោង Kingston Royale, បុរី ប៊ុនលី (Borey Bunly The Project AEK), បុរី អាម៉ូរី ៧មករា (Borey Amory 7 Makara)។ ការលើកស្ទួយគោលដៅ អចលនទ្រព្យប្រកបដោយសក្តានុពល៖ (គម្រោងនៅតាមបណ្តាខេត្តរួមមាន) គម្រោង Borey Lorn City (អភិវឌ្ឍដោយ 5LH Lorn City Development) ទទួលបានពានរង្វាន់៣, ក្រុមហ៊ុន Amazing Grace Wellness Residence, គម្រោង Amaya Kampot Holiday Villas។ ជ័យលាភីលេចធ្លោដទៃទៀត៖ ក្រុមហ៊ុន R&F Properties HS (Cambodia) ឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍ទី ក្រុងរណបអគារខ្ពស់ឆ្នើមបំផុត ។ ក្រុមហ៊ុន IM Capital Holding ទទួលពានរង្វាន់ អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំតំបន់និរតី។ គម្រោង UC88 Wyndham Garden ជាខុនដូសណ្ឋាគារ (Condotel) ឆ្នើមប្រចាំឆ្នាំ រីឯ LZ Sea View Premium ជាអចលនទ្រព្យវិនិយោគដែល មានសក្តានុពលផលចំណេញខ្ពស់ឆ្នើមបំផុត។ ផ្សារទំនើប Mean Chey Avenue (អភិវឌ្ឍដោយ RM Commercial) ត្រូវបានកោត សរសើរជា ផ្សារសហគមន៍ឆ្នើមប្រចាំឆ្នាំ។ ដោយឡែកពានរង្វាន់ថ្មីស្រឡាង ជម្រើសមហាជនប្រចាំឆ្នាំ ត្រូវបានប្រគល់ជូនក្រុមហ៊ុន Morgan Group៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia