Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ការអនុវត្តកាតព្វកិច្ចយោធានៅពេលនេះ គឺជាការអនុវត្តដំបូងក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បញ្ជាក់ថា ពិធីបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺមានអត្ថន័យពិសេសជាប្រវត្តិសាស្រ្ត ខណៈ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦នេះ គឺជាការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងជាទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៦)។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានចាត់ទុកយុវជនដែលបានចូលរួមក្នុងវគ្គដំបូងនេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រនៃការអនុវត្តកាតព្វកិច្ចយោធាលើកដំបូងបង្អស់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានកំណត់ជ្រើសរើសយោធិនកាតព្វកិច្ចសរុបចំនួន ១០,០០០ នាក់ ដោយបែងចែកចេញជា ២ វគ្គ។ វគ្គទី១ ដែលទើបនឹងបើកនៅថ្ងៃនេះ មានចំនួន ៥,០០0 នាក់ (ជ្រើសរើសចេញពីចំណោមយុវជនដែលបានដាក់ពាក្យស្ម័គ្រចិត្តសរុបជាង ១៤,៦៤៦ នាក់)។

សម្ដេចធិបតី៖«អ្វីដែលជាលក្ខណៈពិសេសរបស់ប្អូនៗនៅទីនេះ គឺជាប្រវត្តិសាស្រ្ដ ទី១ កាតព្វកិច្ចយោធាគឺអនុវត្តដំបូងនៅក្នុងប្រវត្តិសាស្រ្ដនៃព្រះរាជាណាចក្រកម្ពុជា និងប្រវត្តិសាស្រ្ដនៃកងយោធពលខេមរភូមិន្ទ គឺវគ្គនេះឯង, ទី២ ក្នុងចំណោមយុវជនស្ម័គ្រចិត្ត ១ម៉ឺននាក់ បែងចែកជាពីរវគ្គ, វគ្គទី១នេះឯង ហើយប្អូនៗ នៅក្នុងចំណោមវគ្គទី១ គឺជាប្រវត្តិសាស្រ្ដនៃកងយោធពលខេមរភូមិន្ទដែលបានចូលជាយោធិនកាតព្វកិច្ចរបស់យើង»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ឆ្នាំនេះយើងយក១ម៉ឺននាក់ ឆ្នាំក្រោយយើងនឹងបន្ត ដោយអនុវត្តជាប្រចាំឆ្នាំ។ អីចឹងអ្នកដែលបានជាប់នូវឆ្នាំនេះ គឺអនុវត្តចាប់ពីឆ្នាំ២០២៦ រយៈពេល ២៤ខែ។ អ្នកដែលមិនទាន់មានឈ្មោះ គឺនៅបន្តទៀត នឹងរើសជាបន្តបន្ទាប់ ដូច្នេះកុំទាន់សួរថាម៉េចក៏មិនទាន់ឃើញឈ្មោះខ្ញុំ គឺគង់តែឃើញ គង់តែចូលទេ។ ចំណែកវគ្គទី២ នឹងចេញឈ្មោះនៅខ្ទង់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ៥ពាន់នាក់ទៀតនឹងចេញបញ្ជីឈ្មោះ នឹងត្រូវចាប់ផ្ដើមចូលវគ្គទី២ ចំនួន ៥ពាន់នាក់ទៀតនៅចុងខែកុម្ភៈ ឬដើមខែមីនាឆ្នាំ២០២៧។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវកាតព្វកិច្ចយោធានេះ គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ។ ខណៈកិច្ចការងារនេះ នឹងជួយដុសខាត់បញ្ញាស្មារតីយុវជនឱ្យស្រឡាញ់ជាតិមាតុភូមិ គោរពច្បាប់ មានវិន័យ ភាពអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាទុនដ៏សំខាន់សម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតការងារទៅថ្ងៃមុខ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនេះ ក្រសួងបានរៀបចំសេចក្តីជូនដំណឹងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមកទទួល និងដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្តនៅតាមគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង ស្រុក ខណ្ឌ។ ជាលទ្ធផល បានទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៤,៦៤៦នាក់ (ស្រីចំនួន២,៤១៧នាក់)។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងថា យោងតាមតម្រូវការចាំបាច់ និងសំណូមពរនៃការងារ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរ ភេទប្រុស ចំនួន ១០,០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជា ២វគ្គហ្វឹកហ្វឺន ក្នុង១វគ្គមានយោធិនកាតព្វកិច្ចចំនួន ៥,០០០នាក់ ចូលហ្វឹកហ្វឺនតាមសាលាទាំង៨។

បើតាម នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ដោយអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានសម្រេចជ្រើសរើសបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានជាប់ឈ្មោះចូលបំពេញកាតព្វកិច្ចយោធាមកប្រមូលផ្តុំនៅតាមទីតាំងដែលបានកំណត់។ គណៈកម្មាធិការជាតិ បានសហការជាមួយរដ្ឋបាលរាជធានី ខេត្ត រៀបចំការប្រមូលផ្តុំ ជួបជុំលើកទឹកចិត្ត និងជូនដំណើរយុវជនមក ពិនិត្យសុខភាព និងកាយសម្បទាដើម្បីចូលបំពេញកាតព្វកិច្ចយោធា នៅតាមសាលាហ្វឹកហ្វឺនទាំង៨ កាលពីថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ដែលបានផ្តល់គ្រូពេទ្យ សម្ភារៈ បរិក្ខារ វេជ្ជសាស្រ្ត សម្រាប់ការពិនិត្យសុខភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia