Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ពីរឆ្នាំនៃការហ្វឹកហ្វឺន យុវជននឹងទទួលបានជំនាញបច្ចេកទេសជាច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានប្រកាសថា យុវជនដែលកំពុងបំ ពេញកាតព្វកិច្ចយោធា នឹងទទួលបានចំណេះដឹងជាច្រើន ដោយក្នុងនោះនឹងមានជំនាញការបាញ់កាំភ្លើងគ្រប់ធុនទាំងតូចទាំងធំ ជំនាញបញ្ជា ឬកំចាត់ដ្រូន និងជំនាញបច្ចេកទេសជាច្រើនទៀតដើម្បីឲ្យក្លាយជាយោធិនអាជីព និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុតក្នុងកិច្ចការពារជាតិ បម្រើជាតិ និងប្រជាជននោះ។

ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦នៅបញ្ជាការដ្ឋានការពារកោះ-ឆ្នេរ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការដាក់ឲ្យអនុវត្តកាតព្វកិច្ច្យយោធារយៈពេលវែងគឺដើម្បីឲ្យយុវជនស្រលាញ់ជាតិ និងបម្រើជាតិមាតុភូមិគ្រប់កាលៈទេសៈទាំងអស់ រួមទាំងបណ្តុះឲ្យយុវជនមានវិន័យ មានការតស៊ូ អត់ធ្មត់ផងដែរ។សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា ការបំពេញកាតព្វកិច្ចយោធា ជាឱកាសអភិវឌ្ឍន៍ខ្លួន ទាំងជំនាញរឹងនិងទន់,វិន័យសណ្តាប់ធ្នាប់ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំជាដើម។

នៅចំពោះមុខយុវជនកាតព្វកិច្ចយោធានេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យ យុវជនបំពេញកាតព្វកិច្ចយោធាទាំងអស់ត្រូវមានការអត់ធ្មត់ឲ្យបានខ្ពស់ ត្រូវគោរពវិ័យឲ្យបានត្រឹមត្រូវ ខណៈការដេក ដើរ ហើរឬអង្គុយគឺប្រកបដោយវិន័យត្រឹមត្រូវ និងច្បាស់លាស់បំផុតនោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានលើកឡើងផងដែរថា ការហ្វឹកហ្វឺនកាតព្វកិច្ចយោធាវគ្គដំបូង ឆ្នាំ២០២៦នេះ នឹងចាប់ផ្ដើមជាវគ្គដែលល្អ ជាវគ្គដែលរៀបចំកំណត់នូវស្ដង់ដារសម្រាប់វគ្គក្រោយៗទៀត ខណៈវគ្គទី២នឹងចាប់ផ្តើមនៅ ចុងខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានបង្ហាញនូវមោទនភាពផងដែរថា ការបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១គឺជាប្រវត្តិសាស្រ្តសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ ខណៈថ្ងៃបើកនេះគឺចំថ្ងៃទី៩ ដែលជាថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទនៃព្រះរាណាចក្រកម្ពុជានៃយើងទាំងអស់ គ្នា៕

អត្ថបទ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia