Connect with us

ព័ត៌មាន

សម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដានៅវិមានសន្តិភាព

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ ឯកឧត្តម ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅកម្ពុជា។

ឯកឧត្តម ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានចូលរួម និងបញ្ចប់​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០ នៅភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា បាន​បន្តដំណើរមក​ដល់វិមានសន្ដិភាព ដោយមានការ​ទទួលបដិសណ្ឋារកិច្ច​យ៉ាងកក់ក្ដៅពីសំណាក់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា​។

ក្រោយ​បញ្ចប់​បដិសណ្ឋារកិច្ច ​ប្រមុខ​រដ្ឋាភិបាលនៃប្រទេស​ទាំងពីរ ក៏មានជំនួបទ្វេភាគី ដើម្បី​ពង្រឹង ពង្រីកទំនាក់ទំនង​ប្រទេស​ទាំងពីរផងដែរ។ ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីប្រទេស​ទាំងពីរ បាន​ប្រកាសពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីជំរុញការវិនិយោគ និងវិស័យឯកជនផងដែរ។

ឯកសារដែលជា​លទ្ធផលក្នុងអំឡុងពេល ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីកាណាដា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន៖

1) អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង កម្ពុជា-កាណាដា។

2) អនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។

ក្រៅពីនេះ ក៏មាន​ការប្រកាសរួមមួយចំនួនទៀតគឺ៖

ការប្រកាសអំពីការចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិ យោគបរទេសរវាងកម្ពុជា និងកាណាដា និងការប្រកាសអំពីការចាប់ផ្តើមកិច្ចពិភាក្សាដំបូងលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នារវាងកម្ពុជា និងកាណាដា។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Mark Carneyនេះ មានសារៈសំខាន់សម្រាប់ប្រទេសកាណាដា ក្នុងការត្រៀមលក្ខណៈទទួលធ្វើជាប្រធានប្តូរវេន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅទីក្រុងអូតាវ៉ា ក្នុងឆ្នាំ២០២៨ ខាងមុខផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia