Connect with us

ព័ត៌មាន

អជ្ញាធរ និងផ្នែកពាក់ព័ន្ធដោះស្រាយសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងខណ្ឌមាមជ័យ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះអាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ ដែលបានកសាង ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ជាមួយគ្នានោះ ប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងជាសំណើរសំណូមពរដើម្បីឲ្យអាជ្ញាធរជួយកសាងបន្ថែម នូវលូ ផ្លូវ បណ្ដាញទឹកស្អាត ពន្លឿនការចុះបញ្ជីក្បាលដី និងការសុំតបណ្តាញអគ្គិសនីផងដែរ។

ការអរគុណ កោតសរសើរ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ៤នៅខណ្ឌមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានីតំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងវេទិកានោះប្រជាពលរដ្ឋបានលើកឡើងជាសំណើសំណូមពរផ្ទាល់មាត់ចំនួន៨រូប ក្នុងនោះមានការស្នើសុំកសាងលូ ផ្លូវ សុំចុះបញ្ជីក្បាលដីចំនួន៧៤ក្បាលដី សុំម៉ាស៊ីនថតរូបពាក់ព័ន្ធការធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ សុំកាត់ខ្សែភ្លើងរញ៉េរញ៉ៃតាមផ្លូវ សុំតបណ្តាញទឹកស្អាតចូលលំនៅឋាន ជាមួយនឹងការសុំដោះស្រាយបញ្ហាទឹកចេញខ្សោយមិនអាចប្រើប្រាស់បាន។ ចំពោះការស្នើឡើងរបស់ប្រជាពលរដ្ឋ ក្នុងវេទិកានេះត្រូវបានមន្ទីរជំនាញពាក់ព័ន្ធធ្វើការដោះស្រាយភ្លាមៗនៅនឹងកន្លែង។

លោក ហួត ហៃ មានប្រសាសន៍លើកឡើងថា នៅក្នុងវេទិកានេះបានបង្កប់នូវប្រធានបទពីរ នោះគឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤២០រូប ដោយបានលើកឡើងជាសំណើសំណូមពរផ្ទាល់មាត់ចំនួន៨រូប និងជាលាយលក្ខអក្សរចំនួន៤៤ច្បាប់។

លោក អភិបាលរងបន្តថា ចំពោះសំណើសំណូមពរលាយលក្ខណ៍អក្សរនឹងដាក់ជូនគណៈអភិបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន និងធានាថា រាល់មតិយោបល់សំណើ និងសំណូមពរទាំងនេះនឹងចាត់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។

លោក ហួត ហៃ ក៏បានលើកឡើងជុំវិញកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ផងដែរ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យថ្នាក់ដឹកនាំនៅលើពិភពលោកបានមើលឃើញច្បាស់ពីកម្ពុជា ជឿទុកចិត្តយ៉ាងមុតមាំចំពោះសុខសុវត្ថិភាពនៅកម្ពុជា ដោយថ្នាក់ដឹកនាំកំពូលៗមួយចំនួនបានមកដើរលេងកំសាន្តនៅតំបន់ផ្សេងៗពិសេសលើផ្លូវថ្មើរ ជើងចតុមុខតែម្តង ដោយថ្នាក់ដេកនាំបរទេសមិនបានខ្វល់ពីបញ្ហាសន្តិសុខអ្វីឡើយ។

ឯកឧត្ដម ប៊ី ប្រេម បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋពាក់ព័ន្ធលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង គ្រោះអគ្គីភ័យ ការអភិវឌ្ឍមូលដ្ឋាន សុខមាលភាពប្រជាពលរដ្ឋ បរិស្ថាននិងការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia