ព័ត៌មាន
ប្រធានរដ្ឋសភាស្តីទី ថ្លែងអំណរគុណម៉ាឡេស៊ីចំពោះតួនាទីសម្របសម្រួលបទឈប់បាញ់ និងបញ្ជាក់ជំហរការពារបូរណភាពទឹកដីផ្អែកលើច្បាប់អន្តរជាតិ
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សកម្មរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការជួយសម្របសម្រួលរហូតឈានដល់ការសម្រេចបានបទឈប់បាញ់ចំនួនពីរលើកក្នុងវិវាទព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិ។
ការលើកឡើងនេះធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម ដាតុ ណ័រ ហ្សាឡែន មហាមេដ (Datuk Nur Jazlan Mohamed) អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា ។
ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្តីទី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រជិត ៧ទសវត្សរ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ១៩៥៧ មក ដោយរំលឹកពីគុណូបការៈរបស់ម៉ាឡេស៊ីក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព (UNTAC) មកជួយកម្ពុជាកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងការបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជាជាង ១៨០០នាក់ តាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) ព្រមទាំងការវិនិយោគលើវិស័យសំខាន់ៗដូចជា ធនាគារ ទូរគមនាគមន៍ ថាមពល និងកសិកម្មជាដើម។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោតសរសើរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលក្នុងអាណត្តិជាប្រធានអាស៊ានកន្លងទៅបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលបង្កើតបទឈប់បាញ់លើកទី១ នៅម៉ាឡេស៊ី កាលពីចុងខែកក្កដា ឆ្នាំ២០២៥ និងបទឈប់បាញ់លើកទី២ តាមរយៈកិច្ចប្រជុំពិសេស GBC កាលពីចុងខែធ្នូ ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្តីទី បានជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភាម៉ាឡេស៊ី អំពីជំហររបស់កម្ពុជាក្នុងការគោរពកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ ខណៈភាគីថៃបានបង្កភាពតានតឹងជាបន្តបន្ទាប់តាមរយៈការដាក់របាំងកុងទឺន័រ លួសបន្លា កង់ឡាន និងការប្រើហិង្សាលើជនស៊ីវិលកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនដោយប្រើកម្លាំង ឬការយកច្បាប់ក្នុងស្រុកថៃមកអនុវត្តលើទឹកដីកម្ពុជា ដោយកម្ពុជាប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាបារាំង-សៀម និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង កម្ពុជាបានសម្រេចប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ឯកឧត្តម ដាតុ ណ័រ ហ្សាឡែន មហាមេដ (Datuk Nur Jazlan Mohamed) បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់កម្ពុជាចំពោះឯកឧត្តម និងគណៈប្រតិភូ ដោយហើយឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យដែលកម្ពុជាទទួលបាន។
ឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានមានប្រសាសន៍ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងម៉ាឡេស៊ី ក្នុងការបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការភាពជឿជាក់ និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ម៉ាឡេស៊ី-កម្ពុជា។
ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ដាតុ ណ័រ ហ្សាឡែន មហាមេដ បានមានប្រសាសន៍រំលឹកពីជំនួបរបស់ឯកឧត្ដម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីម្សិលមិញ ដែលក្នុងឱកាសនោះសម្ដេចក៏បានលើកឡើងពីបញ្ហាអធិបតេយ្យរបស់កម្ពុជាទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងថាឯកឧត្ដមសូមលើកទឹកចិត្តឱ្យ មានការដោះស្រាយជម្លោះព្រំដែននេះឱ្យបានឆាប់ហើយភាគីទាំងពីរត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។ ម៉ាឡេស៊ីគាំទ្រគ្រប់បែបយ៉ាងចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
ឯកឧត្តមដាតុ បានថ្លែងអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាពហុភាគីនិយមដ៏ធំ គឺកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ កាលពីពេលថ្មីៗនេះ។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាអន្តរសភា (AIPA និង IPU) តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ សមាជិកសភាវ័យក្មេង សមាជិកសភាស្ត្រី និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានសភា ដើម្បីចែករំលែកបទពិសោធន៍លើការងារនីតិកម្ម និងការត្រួតពិនិត្យការអនុវត្តច្បាប់៕










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ