Connect with us

ព័ត៌មាន

ឪពុកម្តាយ ជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផ្លាស់ប្តូរផ្នត់គំនិតបាននាំកូនៗឱ្យមកចូលរៀនច្រើនជាងមុន

ជនជាដើមភាគតិចនៅខេត្តមណ្ឌលគិរីមានការផ្លាស់ប្តូរផ្នត់គំនិត ដោយឪពុកម្តាយបានបញ្ជូនកូនចៅឱ្យទៅសិក្សារៀនសូត្រច្រើនជាមុនគួរឲ្យកត់សំគាល់។

លោក ហួន សុធារី នាយកសាលាបឋមសិក្សាស្រែអ៊ី ស្ថិតនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា កាលពីមុនគ្រួសារជនជាតិដើមភាគតិចភាគច្រើនជួបការលំបាក និងមានទម្លាប់ទុកកូនចៅឱ្យជួយធ្វើការងារចម្ការវិលជុំ ឬមើលថែផ្ទះសម្បែង។ ប៉ុន្តែបច្ចុប្បន្ន និន្នាការនេះបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ដោយសារឪពុកម្ដាយពួកគេបានចាប់ផ្ដើមបញ្ជូនកូនតូចៗរបស់ខ្លួនឱ្យចូលរៀនច្រើនជាងមុន។ លោកបន្តថា ការផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយសារក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំខេត្តមណ្ឌលគិរី គម្រោងរ៉េដបូក និងអង្គការពាក់ព័ន្ធមួយចំនួនទៀត បានចុះផ្សព្វផ្សាយពីសារសំខាន់ នៃការសិក្សា ទើបជនជាតិដើមភាគតិចទាំងនោះបញ្ជូនកូនៗមករៀនសូត្រ។

អ្នកស្រី តែន ចាន់ហ៊ា បុគ្គលិកសម្របសម្រួលគម្រោងរេដបូកសហគមន៍ បានឲ្យដឹងថា​ ការគាំទ្ររបស់គម្រោងរេដបូកកែវសីមា លើវិស័យអប់រំ មានដូចជា៖ សាងសង់សាលារៀន, ផ្តល់សម្ភារៈសិក្សា, ផ្តល់អាហារដល់សិស្ស, ការគាំទ្រដល់គ្រូបង្រៀន និងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សសម្រាប់ការសិក្សានៅកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។ លោកស្រីបន្តថា បច្ចុប្បន្ន គម្រោងរេដបូកបានអនុវត្តក្នុងភូមិចំនួន ២០ ក្នុងឃុំចំនួន៦ នៃស្រុកចំនួនពីរ ក្នុងខេត្តមណ្ឌលគិរី។ ហើយគម្រោងនេះ បានធ្វើឲ្យបរិយាកាសសិក្សារបស់សិស្សានុសិស្ស ជាពិសេសសិស្សជាជនជាតិដើមភាគតិចកាន់តែល្អជាងមុន។

សិស្សរៀននៅសាលាបឋមសិក្សាស្រែអ៊ី បានឲ្យដឹងថា ពេលខ្ញុំមកសាលារៀន គឺលោកគ្រូ និងអ្នកគ្រូ បានយកចិត្តទុកអប់រំណែនាំឲ្យខិតខំរៀនសូត្រ និងគោរវិន័យសាលាឲ្យខ្ជាប់ខ្ជួន ដើម្បីជាសិស្សល្អ និងព​​​លរដ្ឋល្អនៅពេលអនាគ។ លើសពីនេះ សិស្សទាំងនោះ បានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើ​​ម្បី​​ក្លា​​យជាធនធានមនុស្សចូលរួមអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យ​​​​អប់រំ តាមរយៈការជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយពង្រឹងអភិបាលកិច្ចសាលារៀន លើកកម្ពស់សកម្មភាពរៀន និងបង្រៀន និងការអប់រំផ្នែកវិន័យ សីលធម៌ ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia