Connect with us

ព័ត៌មាន

កម្ពុជា-អឺរ៉ុប ដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូ លើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម

កម្ពុជា និងសហភាពអឺរ៉ុប ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូ សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងវិស័យ ឧស្សាហកម្ម ដើម្បីជួយឱ្យរោងចក្រកែលម្អប្រសិទ្ធភាពថាមពល បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រឹងភាពប្រកួត ប្រជែងនៃវិស័យឧស្សាហកម្មកម្ពុជា។

កម្មវិធី «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» នៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តរួមគ្នា ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Igor Driesmans ឯកអគ្គ រដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ឯកឧត្តម កែវ រតនៈ លើកឡើងថា ថាមពលដែលមានតម្លៃបំផុតមួយ គឺថាមពលដែលយើងមិនចាំបាច់ប្រើប្រាស់។ កម្ពុជា ទទួលស្គាល់ឥន្ធនៈលាក់កំបាំង នេះជាសសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្រថាមពលជាតិ។ ខណៈតម្រូវការថាមពលបន្តកើនឡើង ការកែ លម្អប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលក្នុងវិស័យផលិតកម្ម នឹងជួយឱ្យឧស្សាហកម្មរីកចម្រើនប្រកបដោយចីរភាព។ ឯកឧត្តមបាន ស្វាគមន៍ភាពជាដៃគូរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចការនេះទៅមុខ។ កម្មវិធីក៏នឹងលើកកម្ពស់ការប្រើប្រាស់ជីវម៉ាសប្រកបដោយ និរន្តរភាព និងកែលម្អលក្ខខណ្ឌការងារក្នុងរោងចក្ររួមមាន ប្រព័ន្ធខ្យល់ចេញចូល ភ្លើងបំភ្លឺ និងវិធានការកាត់បន្ថយស្ត្រេសកម្ដៅ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី លើកឡើងផងដែរថា ប្រសិទ្ធភាពថាមពល គឺជាផ្នែកដ៏សំខាន់មួយនៃការធ្វើទំនើបកម្ម និង ការបង្កើនភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា។ កម្មវិធីភាពជាដៃគូនេះ នឹងជួយរោងចក្រកែលម្អសមត្ថភាពបច្ចេកទេស អនុវត្ត ផលិតកម្មស្អាត និងមានប្រសិទ្ធភាព។ ដើម្បីប្រែក្លាយគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រ យើងអាច កសាងវិស័យឧស្សាហកម្មដែលមានចីរភាព និងអាចប្រកួតប្រជែងបានកាន់តែប្រសើរ។ ភាពជាដៃគូនេះ នឹងគាំទ្រដល់ការកែលម្អ បទប្បញ្ញត្តិ ស្តីពីប្រសិទ្ធភាពថាមពល ផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ និងសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ ការវិនិយោគលើថាមពលស្អាត និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លើកឡើងថា ការដាក់ឱ្យអនុវត្តកកម្មវិធីភាពជាដៃគូខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យឧស្សាហ កម្មនៅកម្ពុជា តាមរយៈនៃការសន្សំថវិកានៅតាមបណ្តារោងចក្រ សហគ្រាស ដោយជួយឱ្យរោងចក្របង្កើន ប្រសិទ្ធភាពប្រើប្រាស់ ថាមពល និងអនុវត្តផលិតកម្មស្អាត ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវកាន់តែខ្ពស់ លើផ្នែកអ្នកបញ្ជាទិញ និងទីផ្សារអន្តរជាតិ។

ឯកឧត្តម Igor Driesmans លើកឡើងថា ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការ អភិវឌ្ឍតិចតួច វិស័យឧស្សាហកម្មដែលមាននិរន្តរភាព និងប្រសិទ្ធភាពថាមពលខ្ពស់ អាចជួយអាជីវកម្មកាត់បន្ថយចំណាយ បង្កើន ផលិតភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរ។ តាមរយៈភាពជាដៃគូនេះ និងក្រោមយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបកំពុងបង្រួបបង្រួមគោលនយោបាយឧស្សាហកម្ម និងការវិនិយោគ ដើម្បីគាំទ្រកំណើន ភាពធន់ និងផលប្រយោជន៍រយៈ ពេលវែងសម្រាប់អាជីវកម្ម កម្មករ និងសហគមន៍កម្ពុជា។ កម្មវិធីភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពល ប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម គាំទ្រដល់ការអនុវត្តគោលនយោបាយជាតិ ប្រសិទ្ធភាពថាមពល និងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម បង្កើនប្រសិទ្ធភាព និងជំរុញកំណើនឧស្សាហកម្មប្រកបដោយចីរភាព៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia