Connect with us

ព័ត៌មាន

រដ្ឋសភាកម្ពុជា-ន័រវែស ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព កិច្ចសន្ទនាទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី

(ហ្វីលីពីន) នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ នៅប្រទេសហ្វីលីពីន បានជួបពិភាក្សាការងារជាមួយឯកឧត្តម ថេលេហ្វ អ៊ីង ម៉ូរឡង់ គណៈប្រតិភូសភាន័រវែស ក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឡើង ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ជំនួបពិភាក្សាការងារស្ថិតនៅក្នុង​បរិយាកាសស្និទ្ធស្នាល និងបើកចំហ ពីការងារការទូតសភា ការលើកកម្ពស់វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ ព្រមទាំងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង មានការជួបសន្ទនា ផ្លាស់ប្តូរបទពិសោធន៍នៅគ្រប់កម្រិត គឺកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាស្ត្រី សមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋានដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ។

សម្តេចប្រធានរដ្ឋសភា បានសូមស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសន័រវែស លើវិស័យថាមពលកកើតឡើងវិញ ជលផល និងវារីវប្បកម្មប្រកបដោយចីរភាព ឧស្សាហកម្មនាវាចរណ៍ និងសេដ្ឋកិច្ចបៃតង។ ក្នុងន័យនេះ សម្តេចស្នើរដ្ឋសភាប្រទេសទាំងពីរអាចធ្វើការពិគ្រោះយោបល់ជាមួយវិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យម ជំរុញការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តម ថេលេហ្វ អ៊ីង ម៉ូរឡង់ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ ន័រវែសបានផ្តល់តម្លៃលើចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការរួមគ្នាដើម្បីពង្រឹងផលប្រយោជន៍ពលរដ្ឋគឺជាការសំខាន់បំផុត ដូច្នេះហើយបានជាមានវត្តមានន័រវែសក្នុងមហាសន្និបាតអាយប៉ា។ ន័រវែសបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏យូរអង្វែងរបស់ន័រវែសក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជាតិ តាមរយៈកិច្ចសន្ទនា កិច្ចសម្របសម្រួល និងការគាំទ្រដល់ដំណើរការកសាងសន្តិភាពនៅតំបន់ផ្សេងៗ។ ប្រទេសន័រវែស គឺជាមិត្តចាស់ដ៏គួរឱ្យទុកចិត្តមួយរបស់ប្រទេសកម្ពុជា។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ និងត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៤។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានចែករំលែកព័ត៌មានពិតមួយចំនួន ដល់សមភាគីន័រវែស ពីស្ថានភាពពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារមានការរំលោភបទឈប់បាញ់ រំលោភច្បាប់អន្តរជាតិ ពីសំណាក់យោធា​ថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរ បានទទួលស្គាល់ដោយអន្តរជាតិជាង ១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះ ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយ ក្នុងការវាស់វែង និងបោះបង្គោលឡើងវិញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចដែលអន្តរជាតិបានដឹងហើយគឺ កម្ពុជាគោរពច្បាប់អន្តរជាតិ យន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយជម្លោះ កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ ដូច្នេះមិនត្រូវការសង្គ្រាមឡើយ។ សង្គ្រាមមិនអាចឱ្យប្រទេសណាមួយឈ្នះប្រទេសមួយទៀតទេ សង្គ្រាមមានតែអ្នកចាញ់ ដូច្នេះការបញ្ចប់សង្គ្រាមមានតែការចរចាមួយប៉ុណ្ណោះ។

ភាគីទាំងពីរបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសន័រវែស មានការប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងពហុភាគីនិយមដែលបើកចំហ និងប្រកបដោយបរិយាបន្ន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia