Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍវិស័យអប់រំ និង​ការកែលម្អ​គុណភាព​សិក្សា​ដើ​ម្បី​ជំរុញ​វិស័យ​នេះ​ប្រកប​ដោយគុណភាព

រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បានកំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់ និង​បាន​កំពុង​បន្ត​ខិត​ខំ​ពង្រឹង និងអភិវឌ្ឍវិស័យអប់រំ យ៉ាងសកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើក​កម្ពស់​សមត្ថភាព​គ្រូបង្រៀន និងការផ្តល់បរិក្ខារសិក្សាដែលទាន់សម័យជាដើម ក្នុងគោលដៅ​ជំរុញ​វិស័យ​អប់រំ​ប្រកប​ដោយ​គុណភាព។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់អគារសិក្សា ១ខ្នង ៣បន្ទប់ នៅអនុវិទ្យាល័យទីពោ ក្នុង​ស្រុក​សន្ទុក​ ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ, បាន​កំណត់​វិស័យ​អប់រំ​ជាអាទិភាពដ៏សំខាន់ បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​ភាព​រឹង​មាំ និងចីរភាព។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានបន្តខិតខំពង្រឹង និង អភិវឌ្ឍ​វិស័យ​អប់រំ​យ៉ាង​សកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការ​ផ្តល់​បរិក្ខារ​សិក្សា​ដែលទាន់សម័យ ព្រមទាំងការសាងសង់អគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បី​ធានា​ថា​សិស្សា​នុសិស្សគ្រប់ទីកន្លែង មានឱកាសស្មើៗគ្នា ទទួលបានការអប់រំប្រកបដោយគុណភាព។

ឯកឧត្តម បន្តថា អគារសិក្សាថ្មី១ខ្នងនេះ មិនត្រឹមតែជាសំណង់រូបវន្តដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជា​ស​មិទ្ធផលដ៏មានតម្លៃ ដែល ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាពអប់រំ និង​សមធម៌​សង្គម​។ ​អគារសិក្សានេះត្រូវបានសាងសង់ឡើងដោយឈរលើ គោលការណ៍សំខាន់ពីរគឺ “លក្ខណៈ​ទំនើប និងបរិយាបន្ន” ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អប់រំ​ក្នុង​យុគ​សម័យ​ឌីជីថល​។ អគារនេះត្រូវបានរចនាឡើងប្រកបដោយផាសុកភាព សុវត្ថិភាព។ បន្ទប់រៀន​នីមួយៗ​មាន​ពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ព្រម ទាំងមានបំពាក់សម្ភារៈបច្ចេកវិទ្យា ដើម្បី​ជួយ​ឲ្យ​លោក​គ្រូ អ្នកគ្រូ បង្រៀនបានកាន់តែមានប្រសិទ្ធភាព និងជួយឲ្យសិស្សានុសិស្សអាច ស្រាវ​ជ្រាវ រៀនសូត្របានទូលំទូលាយស្របតាមស្តង់ដារសតវត្សរ៍ទី២១។

ឯកឧត្តម ក៏បានលើកទឹកចិត្តលោកគ្រូ-អ្នកគ្រូ បន្តខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​សមត្ថភាព​វិធី​សាស្រ្ត​បង្រៀន​ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋានពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យកុមារបន្សាំខ្លួនទៅនឹងការវិវត្ត នៃ ពិភពលោកសម័យទំនើប។ ជាមួយគ្នានេះទោះបីជា AI មានសមត្ថភាពខ្ពស់ក្នុងការធ្វើកិច្ចការងារផ្សេងៗជំនួសមនុស្សបាន ប៉ុន្តែ AI មិនទាន់អាចធ្វើការងារមួយចំនួនដែលមនុស្សអាចធ្វើបានដូចជា កាយវិការទន់ភ្លន់ ការ​ឱន​លំទោន ឬការនិយាយស្តីប្រកបដោយ សីលធម៌ និងគុណធម៌បានឡើយ។ ចំណែក​សិស្សា​នុ​សិស្ស ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់ ត្រូវមានសុជីវធម៌ល្អ និងចេះគោរពដឹង គុណឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ជាពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ខ្លាំង​ក្លា ដូចប្រសាសន៍ សម្តេចធិបតី​នាយករដ្ឋមន្រ្តី តែងតែលើកឡើងថា “រៀនឲ្យចេះ រៀន​ឲ្យ​មាន​ជំនាញ និងរៀនឲ្យមានការងារធ្វើ”៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia