Connect with us

ព័ត៌មាន

អ្នកនយោបាយនិងអ្នកវិភាគ បង្ហាញសុទិដ្ឋិនិយមថាកិច្ចប្រជុំលើកទី៣របស់ UNCLOS នឹងមានវឌ្ឍនភាពរិតតែល្អប្រសើរ

ភ្នំពេញ៖ អ្នកនយោបាយ និងអ្នកវិភាគបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ នឹងមានវឌ្ឍនភាពរិតតែល្អប្រសើរនិងផ្តល់នៅទំនុកចិត្តរួមគ្នាក្នុងការដោះស្រាយ។

ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានថ្លែងថា កិច្ចប្រជុំរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានប្រព្រឹត្តទៅចំនួនពីរដងរួចមកហើយ ដោយកម្ពុជា-ថៃ បានដាក់ឯកសារឲ្យគណៈកម្មការ UNCLOS ពិនិត្យពិចារណា។ ចំណែកកិច្ចប្រជុំលើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មការនឹងពិនិត្យសម្រេចក្នុងការធ្វើរបាយការណ៍ជាក់លាក់ដើម្បីដាក់បញ្ជូនទៅគណៈកម្មការធំក្នុងការសម្រេច ហើយកិច្ចប្រជុំលើកទី៣នេះ គឺជាកិច្ចប្រជុំលើកចុងក្រោយមុននឹងធ្វើការសម្រេចដោះស្រាយរវាងរឿងវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ។

ឯកឧត្តមបានបញ្ជាក់ថា ៖ “កិច្ចប្រជុំលើកទី៣ នេះ UNCLOS គេនឹងសម្រេចចិត្តធ្វើជារបាយការណ៍ជាក់លាក់ដាក់ទៅគណៈកម្មការធំដើម្បីសម្រេចរឿងនេះ។ នេះវាដូចជារឿងសាកសួរក្តីពីរបីដំណាក់ហើយដើម្បីកេបានភស្តុតាងឯកសារសុក្រឹត្យហើយ គេនឹងចាត់វិធានការដោះស្រាយទៅតាមប្រព័ន្ធច្បាប់ UNCLOS នៅពេលខាងមុខ។ ហើយប្រជុំលើកទី៣នេះជាកិច្ចប្រជុំចុងក្រោយមុននងធ្វើការសម្រេចដោះស្រាយដែនសមុទ្ររវាងកម្ពុជា-ថៃ។ អ្វីដែលយើងបានដឹងកម្ពុជាមានឯកសារជាក់លាក់ច្បាស់លាស់ ហើយយើងជឿជាក់ទៅលើគណៈកម្មការព្រំដែនដែលមានឯកឧត្តម ឡាំ ជា ជាអ្នកដឹកនាំ។ ហើយក្រោយកិច្ចប្រជុំនៅថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចប់ គឺយើងនឹងទទួលបានដំណឹងល្អជាបន្តបន្ទាប់”។

លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា ពាក់ព័ន្ធបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដែលមកដល់ពេលនេះ គឺជាជំហានទី៣ហើយ ដោយលើកទី១ កាលពីខែកញ្ញាភាគីទាំងពីរមានសេចក្តីថ្លែងការណ៍រៀងៗខ្លួនដោយមានការផ្ទូយគំនិតគ្នាមួយចំនួន និងនៅខែតុលា ក៏មានសេចក្តីថ្លែងការណ៍រួមមួយចេញដោយប្រធានគណៈកម្មការ UNCLOS ដោយមានការវិឌ្ឍន៍ល្អប្រសើរជាងលើកទី១ ដោយបានផ្តល់នៅទំនុកចិត្តរួមគ្នាក្នុងការដោះស្រាយ។ ដូច្នេះនៅថ្ងៃទី២៤-២៧ ខែវិច្ឆិកាខាងមុខនេះ គណៈកម្មការផ្សះផ្សា នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ជឿជាក់ថានឹងមានវឌ្ឍនភាពរិតតែល្អប្រសើរដែលជាការកសាងទំនុកចិត្តបន្តឈានទៅដល់ការដោះស្រាយ។

អ្នកវិភាគរូបនេះបានបញ្ជាក់ថា ៖ “ការចម្រូងសម្រាស់ប្រទាញប្រទង់និងការចង់បានគោលជំហររៀងៗខ្លួនរវាងកម្ពុជានិងថៃនឹងមានវឌ្ឍន៍ភាពល្អបន្ថែមទៀត។ យ៉ាងណាមិញស្ថិតនៅលើផ្លូវច្បាប់ស្ថិតនៅលើឯកសារពាក់ព័ន្ធនិងស្ថិតនៅលើអំនះអំណានជាក់លាក់រវាងកម្ពុជាយើង ខ្ញុំរិតតែជឿជាក់ថា ប្រមុខការទូតរបស់យើងដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយឯកឧត្តម ឡាំ ជា ដែលជាសមាជិកព្រមទាំងសហការីនឹងផ្តល់នៅសក្ខីភាព ផ្តល់នៅភស្តុតាងជូនដល់ប្រធានគណៈកម្មការ UNCLOS ដើម្បីពិនិត្យបន្ថែមនិងពិភាក្សាគ្នាក្នុងជំហានទី៣ នេះ”។

សូមជម្រាវថា ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ។ ព្រឹត្តិការណ៍នេះគឺជាជំហានវិជ្ជមានមួយទៀត នៅក្នុងដំណើរការដោយសន្តិវិធីដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយវិវាទលើដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតជាសំខាន់លើទិដ្ឋភាព បច្ចេកទេស។ កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាស ដើម្បីស្វែងរកបន្ថែមទៀត នូវចំណុចរួម និងការឯកភាពគ្នាផងដែរ។

គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងរងរបស់ រាជរដ្ឋាភិបាល ដោយមានប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់អមដំណើរ។

តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅដល់ការចុះសន្ធិសញ្ញាជាមួយ ប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណង រវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ច ព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជា ស្ថាពរលើព្រំដែនសមុទ្រ។

ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេស ទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia