Connect with us

ព័ត៌មាន

មូលដ្ឋានអាជីវកម្មទេសចរណ៍នៅភ្នំពេញត្រៀមលក្ខណៈរួចរាល់ សម្រាប់ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

ក្នុងឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ មិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំព្រះសំពះខែ អកអំបុក នោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅតាមគោលដៅទេសចរណ៍ និង​មូល​ដ្ឋាន​អាជីវកម្មទេសចរណ៍នានា គឺនៅតែ​ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ការ​បើក​ដំណើរ​ការ​ទទួល​ទេសចរ​ជាតិ អន្តរជាតី ដោយបានធ្វើការតុបតែងលំអ បង្ហាញអត្តសញ្ញាណវប្បធម៌ ដើម្បី​ឱ្យ​ទេសចរ​ចូល​ទស្សនាកម្សាន្តសប្បាយ។

លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែ​វិច្ឆិកានេះថា នៅអំឡុងថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនេះ នៅ​តាម​រមណីយ​ដ្ឋាន​ទេសចរណ៍ ជាពិសេស គោលដៅទេសចរណ៍ ផ្លូវថ្មើជើងចតុមុខ គឺនឹងធ្វើការ​បើក​ដំណើរ​ការ​រយៈ​ពេល​៥​ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ព្រមជាមួយគ្នានេះ នៅតាមមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍មួយចំនួន ក៏នឹងមានការរៀបចំតុបតែលំអរ បង្ហាញអត្តសញ្ញាណវប្បធម៌ រៀប​ចំ​តាំង​ពិព័រណ៍បង្ហាញផលិតផលរបស់ខ្លួន និង​មាន​រៀបចំ​កម្ម​វិធី​កម្សាន្ត​សប្បាយ​នានា​ទៀត​ជា​ច្រើន ​ហើយរំពឹង រាល់កម្មវិធីនានានោះ នឹងទាក់ទាញទេសចរជាតិ អន្តរជាតិ​ទស្សនា​ច្រើន​កុះករ​។

លោក អាន សីហា បន្តថា រហូតមកដល់នេះ មន្ទីរ​ទេសចរណ៍​បាន​ចុះ​ផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន​អាជីវកម្ម​ទេសចរណ៍រួចហើយ ជាពិសេស តាមមូលដ្ឋានអាជីវកម្ម​ត្រូវ​ពង្រឹង​កិច្ច​ផ្តល់​សេវា​បដិ​សណ្ឋារ​កិច្ច​ល្អ មានគុណភាព សុវត្ថិភាព និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌ​អនុវត្ត​ផ្សេង​ៗ​ឱ្យ​បាន​ច្បាស់​លាស់ បង្កភាពងាយស្រួលដល់ភ្ញៀវធ្វើការពិចារណា ជ្រើសរើសទិញផលិតផល​ទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ ជាដើម។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ នៅរាជធានីភ្នំពេញ មិនបាន​រៀប​ចំ​កម្ម​វិធី​ផ្សេង​ៗ​សម្រាប់​អបអរសាទរព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែនៅថ្ងៃឈប់សម្រាក៣ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូកឆ្នាំ២០២៥កាលនោះ បានទាក់ទាញទេសចរជាតិ អន្តរជាតិ បានជាង៣០ម៉ឺននាក់ ហើយ​នៅឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ ឆ្នាំ២០២៦​រំពឹង​នឹង​មាន​ទេសចរ​ជាតិ ​អន្តរជាតិ អញ្ជើញមកទស្សនាច្រើនកើនឡើងឆ្នាំកន្លងទៅ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia