Connect with us

ព័ត៌មាន

FASMEC ប្ដេជ្ញាខិតខំជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការផលិត ប្រភពហិរញ្ញប្បទាន និងទីផ្សារ

សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បញ្ជាក់ថា សហព័ន្ធប្ដេជ្ញាបន្តខិតខំជួយជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការពង្រឹងសមត្ថភាពផលិត ការស្វែងរកប្រភពហិរញ្ញប្បទាន និងទីផ្សារអន្ដរជាតិ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្លែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពិព័រណ៌ផលិតផលខ្មែរ លើកទី៤ ឆ្នាំ២០២៦នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំផលិតផលក្នុងស្រុក ដើម្បីបង្ហាញពីសក្កានុពលផលិតផលជូនអ្នកប្រើប្រាស់ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ហើយសហព័ន្ធក្នុងនាមជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានបន្តកិច្ចការរបស់ខ្លួនដោយខិតខំយ៉ាងខ្លាំង ក្នុងការពង្រឹងកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័នរដ្ឋ និងបន្តជួយជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការពង្រឹងសមត្ថភាពផលិត ការស្វែងរកប្រភពហិរញ្ញប្បទាន កាត់បន្ថយថ្លៃដឹកជញ្ជូន និងទីផ្សារអន្ដរជាតិ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)៖«ការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បងប្អូនសហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ទន្ទឹមនឹងនេះ សមាគមក៏បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្ថាប័នបង្គោលសម្រាប់ MSMEs ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ធនគារARDB និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងការសម្របសម្រួល បង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ និងផ្តល់ការគាំទ្របច្ចេកទេសដល់ម្ចាស់សហគ្រាសទូទាំងប្រទេស»។

សូមជម្រាបជូន ថា កម្មវិធី ពិព័រណ៌ផលិតផលខ្មែរ លើកទី៤ ឆ្នាំ២០២៦នេះ រៀបចំឡើងក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា។ ហើយនៅពិព័រណ៌ ឆ្នាំនេះ គឺមានស្ដង់ផលិតផលខ្មែរ ជាង ៣០០ស្តង់ និងផលិតផលប្រមាណជាង ១ពាន់មុខ មកពីបណ្ដាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ទាំង ២៥រាជធានី ខេត្ត៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia