ព័ត៌មាន
អ្នកនយោបាយ៖បារាំងចង់ចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់
អ្នកនយោបាយបានលើកឡើងថា ប្រទេសបារាំងដែលបានបង្ហាញជំហរចង់ជួយចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលចិននិងអាម៉េរិកក៏បានចូលរួមជួយសម្របសម្រួលរហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។
ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងថា ចំពោះប្រទេសបារាំងដែលចង់ជួយចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបើបានបារាំងចូលរួមជួយសម្របសម្រួលថែមទៀត គឺកាន់តែមានទម្ងន់។ ហើយក៏បានសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងក្នុងបញ្ជៀសនៅសង្គ្រាមរវាងកម្ពុជានិងថៃ និងបានធ្វើការទូតជាមួយបរទេសក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ៖ “បើបានបារាំងមកចូលរួមដោះស្រាយកាន់តែមានទម្ងន់ ពីមុនមានចិន មានអាម៉េរិកជួយសម្របសម្រួល ឥឡូវបើបានបារាំងមកចូលរួមមួយទៀត គឺជាការល្អបំផុត។ បើរម្លឹកទៅប្រវត្តិសាស្ត្រដើមរបស់យើងបារាំងបានជួយយើងជាច្រើនមកហើយតាំងពីថៃឈ្លានពានតាំងពីសតវត្សទី១៨មករហូតដល់ព្រះបាទអង្គឌួងពឹងបារាំងមកការពារប្រទេសជាតិរបស់យើង។ ឥឡូវនេះ ក៏មានវិបត្តិដូចគ្នាដែរថៃកំពុងឈ្លានពានយើង ហើយអាម៉េរិក និងចិនក៏បានចូលសម្របសម្រួលដោះស្រាយមួយឆ្នាំហើយ តែដំណើរការមិនទាន់បានល្អពេញចិត្តទៅតាមអ្វីដែលយើងចង់បាននៅឡើយ។ ហើយបើពេលនេះ បើបានបារាំងមានចេតនាចង់ចូលរួមដោះស្រាយវិវាទរវាងកម្ពុជានិងថៃ យើងក៏កាន់តែមានទម្ងន់។ សូមស្វាគមន៍បារាំងដែលជាមហាអំណាចមួយដែរមកចូលរួមដោះស្រាយឲ្យបានឆាប់រហ័សដើម្បីឲ្យប្រជាពលរដ្ឋដែលរងគ្រោះជាង ២ម៉ឺននាក់ បានត្រឡប់ទៅកាន់ភូមិឋានវិញ ហើយបញ្ហាព្រំដែនត្រូវបានដោះស្រាយទៅតាមសន្តិវិធី និងមិនធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងសងខាង”។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា កម្ពុជាមកដល់ពេលនេះនៅតែបោះជំហានដ៏រឹងមាំនៅលើឆាកអន្តរជាតិជាមួយឆន្ទៈដ៏មានទម្ងន់ និងសុច្ចរិតភាពដ៏មុតស្រួចទៅលើរបៀប វារៈក្នុងការប្រកាន់ជំហរសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធីដោយការទូតតាមច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញាដែលមានស្រាប់ និងយន្តការនៃទ្វេភាគីក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីកម្ពុជាជាមួយភាគីថៃ ។ អំណះអំណាងអំពីភាពរឹងមាំរបស់កម្ពុជា គឺបានឆ្លុះបញ្ចាំងដោយជំហររបស់បណ្ដាលប្រទេសអន្តរជាតិជាច្រើននៅក្នុងពិភពលោកនិងតំបន់បានបង្ហាញអំពីជំហរគាំទ្រដល់ការដោះស្រាយរបស់កម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបង្កើតយន្តការសន្តិភាពជាមួយកម្ពុជាដែលជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី និងមិនរារាំងដល់ការវិលត្រឡប់ទៅរស់នៅលំនៅឋានដើមវិញ របស់ប្រជាជនភៀសសឹកជាង ២ ម៉ឺននាក់ របស់កម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ៖ “សំឡេងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនភៀសសឹក ដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ និងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី គឺតាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលបានជ្រួតជ្រាបយ៉ាងទូលំទូលាយ ទៅក្នុងសហគមន៍តំបន់ និងអន្តរជាតិ ។ អ្វីដែលចង់គូសបញ្ជាក់នោះ គឺកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែនមិនកែប្រែគោរពលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មាធិការកំណត់ព្រំដែនឥណ្ឌូចិន-សៀម MOU ២០០០, TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ”។
ទាក់ទងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងប្រាប់ BTV ថា “ឥឡូវបារាំងក៏គាត់ចង់ជួយដែរ យើងស្វាគមន៍ទាំងអស់ឲ្យតែប្រទេសទាំងអស់នឹងគឺថាជួយៗក្នុងន័យស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយស្របតាមច្បាប់អន្តរជាតិ ហើយយើងអត់ចង់បានអីលើសពីនឹងទេ។ បើបារាំងជួយក៏យើងស្វាគមន៍ ចិនបន្តជួយយើងនៅតែបន្តស្វាគមន៍។ គេយល់សភាពការណ៍ច្រើនជាងមិន គេដឹងថាអ្នកណាធ្វើខុសអ្នកណាធ្វើត្រូវ អីចឹងគេយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចជាងខ្សោយជាង”៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា