Connect with us

ព័ត៌មាន

ករណីគ្រឿងញៀនជិត​ ១តោន​ ៖​ ចោទប្រកាន់ស្នងការរងខេត្តកំពតម្នាក់និងបក្ខពួក៦នាក់

តំណាងអយ្យការបានសម្រេចបើកការចោទប្រកាន់លើលោក​ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត​ និងបក្ខពួកចំនួន​ ៦នាក់​

ពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន, ការសមគំនិតក្នុងអំពើខាងលើ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២​ ខែវិច្ឆិកា​បានអោយដឹងថាៈ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៧២២ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណី រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ការសមគំនិត, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ, នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងនៅក្នុងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

នៅថ្ងៃកើតហេតុខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពី កម្លាំងការិយាល័យស្រាវជ្រាវចារកិច្ចមូលដ្ឋានសមុទ្ររាម និងតាមការ ស្រាវជ្រាវរបស់មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន ៧នាក់

១/ឈ្មោះ SONEYASAO ON ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ

២/ឈ្មោះ SISOUPHANH KHAMDY ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ

៣/ឈ្មោះ PHAVONG NGAM SANTIXAY ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឡាវ

៤/ឈ្មោះ ហួ យ៉ៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ

៥/ឈ្មោះ ថែន ទូច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ

៦/ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ

៧/ឈ្មោះ ហួរ ច័ន្ទ វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងឆែកឆេររកឃើញមានវត្ថុតាងចាប់យកជា សារធាតុញៀន ប្រភេទកេតាមីន (KETAMINE) ទម្ងន់សរុប ៨៧៤ គីឡូក្រាម និង សម្ភារៈផ្សេងៗទៀតមានជាអាទិ៍ អាវុធខ្លី ១ដើម, គ្រាប់អាវុធវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួន ដែលបម្រើឱ្យសកម្មភាព ល្មើសខាងលើ ។

ក្រោយពីតំណាងអយ្យការបានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន ៧នាក់ (ឃាត់ខ្លួន) ខាងលើ និងបុគ្គលជាប់ពាក់ព័ន្ធផ្សេងទៀត ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន, ការសមគំនិតក្នុងអំពើខាងលើ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ តាម បញ្ញត្តិមាត្រា ៤៨ កថាខណ្ឌទី ១, កថាខណ្ឌទី ២, កថាខណ្ឌទី ៣, កថាខណ្ឌទី ៦ នៃច្បាប់សីពីការត្រួតពិនិត្យ គ្រឿងញៀន, មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេវរកម្ម និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៤៣៨ អ.យ.៨/២៦ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បន្ថែមពីការចោទប្រកាន់ខាងលើ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេចឃាត់ទុកទ្រព្យ សម្បត្តិជាបណ្តោះអាសន្ន ដែលមានតម្រុយសង្ស័យថាជាទ្រព្យសម្បត្តិ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទ ល្មើសសម្អាតប្រាក់​៕ អត្ថបទ៖​ វង្ស​ សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia