Connect with us

ព័ត៌មាន

មហាសន្និបាត AIPA រួមគ្នាជំរុញឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើច្បាប់

មហាសន្និបាតអន្ដរសភាអាស៊ាន បានប្រកាសរួមគ្នា ជំរុញឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ដោយផ្អែកលើច្បាប់អន្ដរជាតិ ខណៈបណ្ដាថ្នាក់ដឹកនាំសមាជិកអន្ដរសភាអាស៊ានបង្ហាញការព្រួយបារម្ភពីស្ថានភាពជនភៀសសឹកកម្ពុជាដែលត្រូវបានរាំងខ្ទប់មិនឱ្យទៅកាន់លំនៅឋានដើមវិញ។

ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចមហារដ្ឋសភាធិការធិបតិ ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីគណៈប្រតិភូព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា បានអញ្ជើញនិវត្តន៍មកពីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា តាមរយៈមហាសន្និបាតអន្តរសភាអាស៊ាន កម្ពុជា ទទួលបានជោគជ័យធំធេងជូនជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្ដម បញ្ជាក់ ថា តាមរយៈមហាសន្និបាតអន្តរសភា នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រដ្ឋសភាកម្ពុជា បានជួបបណ្ដាថ្នាក់ដឹកនាំប្រទេសជាច្រើន ដោយបានជម្រាបពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ការដោះស្រាយជម្លោះជាមួយប្រទេសថៃ ដោយយកច្បាប់អន្ដរជាតិជាគោល និងបានបញ្ជាក់ជូនប្រមុខដឹកនាំ សភាអាស៊ាន ពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ដែលកំពុងភៀសសឹក ព្រោះភាគីថៃ មិនបានគោរពពេញលេញបទឈប់បាញ់ ដោយបន្តព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋខ្មែរ។ ឯកឧត្ដមបន្តទៀតថា ក្រៅពីជួបមេដឹកនាំសភា ពីបណ្ដាប្រទេសសមាជិកអាស៊ាន ប្រមុខដឹកនាំរដ្ឋសភាកម្ពុជា ក៏បានជម្រាបហ្វីលីពីន ដែលប្រធានមហាសន្និបាតអន្ដរសភាអាស៊ាន លើកទី៤៧ យ៉ាងលម្អិតពីស្ថានភាពរងគ្រោះរបស់កម្ពុជា និងបានដាក់របាយការណ៍ ភស្ដុតាងជាក់ស្ដែងផង។

ជាការឆ្លើយតប ប្រធានរដ្ឋសភាហ្វីលីពីន ដែលជាប្រធានមហាសន្និបាតអន្ដរសភាអាស៊ានបានចូលរួមយ៉ាងសស្រាក់សស្រាំសម្របសម្រួល ស្នើឱ្យមានការជួបជជែកជាមួយភាគីថៃ ជុំវិញរបាយការណ៍របស់កម្ពុជា ពាក់ព័ន្ធការស្នើឱ្យដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្ដរជាតិ និងបញ្ឈប់ការរារាំងពលរដ្ឋខ្មែរវិលទៅកាន់លំនៅឋានដើមវិញ។ ប៉ុន្ដែភាគីថៃមិនបានចូលរួមក្នុងការពិនិត្យរបាយការណ៍នោះទេ រហូតដល់សេចក្ដីសម្រេចរួម របស់មហាសន្និបាតអន្ដរសភាអាស៊ាន ត្រូវបានអនុម័ត ទើបភាគី ថៃ ចោទប្រកាន់លើរបាយការណ៍របស់កម្ពុជា ថា ជារបាយការណ៍ប្រតិដ្ឋ និងគ្មានការបញ្ជាក់ពីស្ថាប័នឯករាជ្យ ខណៈដែលរបាយការណ៍របស់កម្ពុជា បានភ្ជាប់ជាមួយភស្តុតាងជាក់ស្ដែង រួមទាំងការចុះដល់ទីតាំងជនភៀសសឹកផ្ទាល់ពីអង្គការអន្តរជាតិជាច្រើនរួចហើយនោះ។

ឯកឧត្ដម កែវ ពិសិដ្ឋ សង្កត់ធ្ងន់ ថា សម្រាប់កម្ពុជាមានការសោកស្ដាយចំពោះទង្វើបង្ករឿងរបស់ ថៃ ដែលបង្ហាញចេតនាគេចវេសពីការទទួលខុសត្រូវ និងមិនបង្ហាញចេតនាពន្លឿនការដោះស្រាយជម្លោះដោយសន្ដិវិធីផ្អែកលើច្បាប់។ ហើយចំពោះការប្រកាសរបស់ថៃ ជាឯកតោភាគី ថា មហាសន្និបាតអន្តរសភាអាស៊ាន ព្រមដកចេញនូវ របាយការណ៍របស់កម្ពុជា ស្ដីពីស្ថានភាពជនភៀសសឹក គឺមិនមែនជាការពិតនោះឡើយ ពីព្រោះមហាសន្និបាតអន្តរសភាអាស៊ាន បានអនុម័តរួចហើយនូវសេចក្ដីថ្លែងការណ៍រួម ដែលបញ្ចូលយ៉ាងច្បាស់ នូវការព្រួយបារម្ភ និងសេចក្ដីអំពាវនាវឱ្យ កម្ពុជា និងថៃ ពន្លឿនការដោះស្រាយជម្លោះ ហើយត្រូវអនុញ្ញាតឱ្យពលរដ្ឋខ្មែរភៀសសឹក អាចវិលទៅកាន់លំនៅឋាមដើមរបស់ពួកគេវិញ ដោយគ្មានការរារាំង និងដោយសេចក្ដីថ្លែងថ្នូរ។

តាមរយៈមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) សមាជិកទាំងអស់អំពាវនាវយ៉ាងទទូចឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិ។ ហើយអាស៊ានប្រឆាំងដាច់ខាតការប្រើប្រាស់កងកម្លាំងទ័ពឈ្លានពានអធិបតេយ្យប្រទេសជាសមាជិក។ លើសពីនេះមហាសន្និបាតអន្តរសភាអាស៊ាន ទទូចឱ្យសមាជិកទាំងអស់គោរពឱ្យខ្ជាប់ខ្ជូននូវធម្មនុញ្ញអាស៊ាន ត្រូវគោរពឯករាជ្យ អធិបតេយ្យភាព សមភាពបូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់រដ្ឋសមាជិកទាំងអស់, ត្រូវចូលរួមឱ្យពេញលេញលើកកម្ពស់សន្តិភាព សន្ដិសុខ និងវិបុលភាពក្នុងតំបន់ ហើយត្រូវដោះស្រាយជម្លោះដោយសន្ដិវិធី ដោយមិនត្រូវពឹងផ្អែកលើការប្រើកម្លាំងបាយនោះឡើយ។

ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចមហារដ្ឋសភាធិការធិបតិ ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៖«បើយើងនិយាយពីគោលការណ៍របស់អាស៊ាន គឺគ្មានការចាប់បង្ខំឱ្យប្រទេសសមាជិកអនុវត្តតាមសេចក្ដីអំពាវនាវនោះឡើយ ប៉ុន្ដែគឺជាការជំរុញ លើកទឹកចិត្តឱ្យដោះស្រាយជម្លោះដោយសន្ដិវិធី។ ជាមតិរួមរបស់មហាសន្និបាតអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ គឺអំពាវនាវសុំឱ្យភាគីទាំងពីរ ជជែកគ្នាពិភាក្សារកដំណោះស្រាយមួយដោយសន្តិវិធីដោយប្រើប្រាស់ច្បាប់។ ដោយសារឆ្នាំ២០២៦នេះ គឺជាខួប ៥០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការលើសន្ដិភាពនៅតំបន់អាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាន បានបញ្ជាក់ពីការប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងដើម្បីឈ្លានពានទៅប្រទេសដទៃ ដែលនេះជាគោលការណ៍រួមរបស់អាស៊ាន»។

តាមរយៈមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) រាជរដ្ឋាភិបាល រដ្ឋាភិបាល ជាសមាជិក បានដឹងឮកាន់តែទូលាយពីស្ថានភាពពិតនៅកម្ពុជា ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឈ្លានពានពីយោធាថៃ នៅមិនទាន់អាចវិលទៅលំនៅឋានដើមវិញបានជាង ២ម៉ឺននាក់។ ហើយតាមរយៈមហាសន្និបាតនេះ កម្ពុជា រំពឹង ថា ថៃ នឹងមិនអាចបន្តគេចវេសពីការចូលខ្លួនមកពន្លឿនការដោះស្រាយជម្លោះនោះឡើយ ពីព្រោះសមាជិកអាស៊ានទាំងអស់ប្រាថ្នាឱ្យ សមាគមអាស៊ាន មានសាមគ្គីភាព លើកកម្ពស់សន្ដិភាព សន្ដិសុខ និងវិបុលភាពក្នុងតំបន់។

រាជរដ្ឋាភិបាលកម្ពុជា បានអះអាងរួចហើយថា នឹងនៅតែបន្តនាំយកជំហរសន្ដិភាពនិយម ការគោរពច្បាប់អន្ដរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទសថៃ និងការទាមទារឱ្យពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ បានវិលទៅកាន់លំនៅឋានដើមរបស់ពួកគាត់វិញ ដោយគ្មានការរារាំង ដោយសេចក្ដីថ្លៃថ្នូរ និងការការពារសុវត្ថិភាព។ លើសពីនេះ កម្ពុជា មិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនឯកតោភាគី ដោយប្រើប្រាស់កងកម្លាំងទ័ព៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia