Connect with us

ព័ត៌មាន

ថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត

ភ្នំពេញ៖ ផ្លូវថ្មើជើងចតុមុខ បាននិងកំពុងបើកដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ សម្រាប់ថ្ងៃទី១ សំគាល់ឃើញថា ផ្លូវថ្មើជើងចតុមុខ ទទួលបានភ្ញៀវជាតិ អន្តរជាតិចូលទស្សនាច្រើនកុះករ ក្នុងនោះក៏មានពលរដ្ឋ មកតាមបណ្តាខេត្តនានាជាច្រើនបានដាក់ផែនការដើរកម្សាន្តចំនួន៥ថ្ងៃ ដើម្បីទស្សនាមើលការរីកចម្រើននៅរាជធានីភ្នំពេញផងដែរ។

ភ្ញៀវជាតិ និងអន្តរជាតិថ្លែងប្រាប់BTV ថ្ងៃទី២១ ខែវិច្ឆិកានេះថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ បើទោះមិនមានកម្មវិធីប្រកួតការប្រណាំងទូកនៅមុខព្រះបរមរាជវាំង ប៉ុន្តែនៅតាមគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ ផ្សារទំនើប និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទៀតបានបើកដំណើរការជាធម្មតា ក្នុងនោះសម្រាប់គោលដៅផ្លូវថ្មើជើងចតុមុខ គឺមានភ្ញៀវជាតិ អន្តរជាតិចូលទស្សនា ដើរកម្សាន្ត មានសកម្មភាពការលក់ដូរ ការទិញ របស់របរ ភ្លក់ម្ហូបអាហារ បង្ហាញអត្តសញ្ញាណ ប្រពៃណី វប្បធម៌ខ្មែរដ៏រស់រវើកបំផុត។

អាជីវករខ្មែរ និងបរទេស ថ្លែងថា នៅក្នុងថ្ងៃទី១ ការបើកដំណើរការផ្លូវថ្មើជើងចតុមុខ ទទួលបានការទិញច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយរំពឹងថា ក្នុងរយៈពេល៥ថ្ងៃបើកដំណើរការផ្លូវថ្មើជើងនេះ នឹងទទួលបានភ្ញៀវជាច្រើនចូលទិញរបស់របរវត្ថុអនុស្សាវរីយច្រើន ជាពិសេសការភ្លក់ម្ហូបអាហារជាច្រើនមុខផ្សេងៗគ្នា មានរសជាតិឆ្ងុយឆ្ងាញ់ផ្សេងៗគ្នា និងខិតខំរចនា អនាម័យខ្ពស់ តំលៃសមរម្យបំណងបង្កើនភាពទាក់ទាញ និងចង់ឲ្យភ្ញៀវហូបម្តងហើយមកម្តងទៀត។

សូមបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ ក្រៅពីការដើរទស្សនាមើលសំណង់រចនាបទអាគារខ្ពស់ៗ មើលពីសកម្មភាពការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតមានភាពមមាញឹក និងរស់រវើក ភ្ញៀវទេសចរជាតិ អន្តរជាតិក៏អញ្ជើញទៅទស្សនាកម្សាន្តបាននៅតាមគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗគ្នាចំនួនជាង២០គោលដៅ ជាពិសេស ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើងឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោលដៅទេសចរណ៍តាមជាយរាជធានីភ្នំពេញ និងមានសួនកម្សាន្ត ផ្សាររដ្ឋ ផ្សារទំនើបឯកជនជាច្រើនកន្លែងទៀត។

រូបអត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia