ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីការចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន
នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាពបន្ទាប់ពីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA/អាយប៉ា) លើកទី៤៧ ដោយជោគជ័យ នាំផលប្រយោជន៍ជួនប្រទេសជាតិនិងប្រជាពលរដ្ឋ។
អាយប៉ាជាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស ហើយនៅក្នុងមហាសន្និបាតលើកទីន៤៧ បានបញ្ចូល រដ្ឋសភាទីម័រឡេស្ត ជាសមាជិកពេញសិទ្ធ។ ដូចនេះ ចាប់ពីពេលនេះតទៅ សមាជិក ១១ ដូចជា ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងសភានៃសាធារណរដ្ឋទីម័រឡេស្ត។
អាយប៉ាជាវេទិកាសភាដ៏សំខាន់ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ស្រ្តី សមាជិកសភាវ័យក្មេងសម្រាប់ដាក់ជូនអង្គនីតិប្រតិបត្តិ ពិចារណាដាក់បញ្ចូលក្នុងគោលនយោបាយដឹកនាំ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។
អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ សម្តេចប្រធានរដ្ឋសភា និងសមាជិក សមាជិកាគណៈប្រតិភូទាំងអស់បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាប្រទេសដទៃទៀតក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម ពិសេសផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
ជោគជ័យធំមួយរបស់សភាកម្ពុជា គឺស្ថាពភាពពលរដ្ឋភៀសសឹកចំនួនជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ ត្រូវបានដឹងឭក្នុងមហាសន្និបាតអាយប៉ាលើកទី៤៧ ។មហាសន្និបាតទំាងមូលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹក ទំាងអស់ និងបានលើកទឹកចិត្តភាគីទាំងពីរឱ្យគោរពយ៉ាងពេញលេញ និងអនុវត្តដោយស្មោះត្រង់ នូវការប្តេជ្ញាចិត្តឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីនែទីក្រុងសេប៊ូ ខែឧសភា ឆ្នាំ២០២៦ ថ្មីៗ ។
អាយប៉ា ក៏បានរំលេច ពីខួបលើកទី៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជារយៈពេលប្រាំទសវត្សរ៍នៃការជ្រើសរើសកិច្ចសន្ទនាជំនួសដើម្បីដោះស្រាយជម្លោះ និងកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខដាក់គ្នា ព្រមទាំងបានបញ្ជាក់ជាថ្មីនូវគោលការណ៍ដ៏យូរអង្វែងនៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការបោះបង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ផងដែរ។
វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំាងក្នុងតំបន់និងសកលលោក។
មុនបិទបញ្ចប់កិច្ចប្រជុំមហាសន្និបាត ប្រធានអាយប៉ាលើកទី៤៧ បានប្រគល់ទង់អាយប៉ា ជូនដល់ ឯកឧត្តម Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី ជានិមិត្តរូបនៃការផ្លាស់វេនជាប្រធានអាយប៉ា។ ប្រទេសសិង្ហបុរី នឹងត្រូវធ្វើជាប្រធានអាយប៉ា បន្តពីប្រទេសហ្វីលីពីន និងត្រូវរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៨ នៅក្នុងឆ្នាំ២០២៧ ខាងមុខ៕







-
ព័ត៌មាន2 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន2 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន2 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន2 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 day agoសមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)