Connect with us

ព័ត៌មាន

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញពាក់ព័ន្ធ បើកការស្រាវជ្រាវធ្វើយ៉ាងណាតាមចាប់ឲ្យខាងតែបាន ក្រុមក្មេងទំនើងជិះម៉ូតូច្រើនគ្រឿងប្រដេញគ្នាតាមដងផ្លូវ បង្កភាពអាណាធិបតេយ្យ ដើម្បីយកមកអនុវត្តច្បាប់ ។

បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង បន្ទាប់ពីមានការបង្ហោះចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម ក្រោមខ្លឹមសារនិយាយថា ក្រុមក្មេងស្ទាវ ឬក្មេងទំនើងកំពុងជិះម៉ូតូដេញកាប់កម្លាំងសមត្ថកិច្ច នៅម្តុំឈូកមាស ក្នុងទឹកដីខណ្ឌសែនសុខ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ៖ លោកបានដាក់បទបញ្ជាដល់កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ រួមទាំងសមីមូលដ្ឋានខណ្ឌពាក់ព័ន្ធ ត្រូវបើកការស្រាវជ្រាវទៅតាមចាប់ក្រុមក្មេងទំនើងទាំងអស់នេះឲ្យខាងតែបាន ហើយប្រសិនបើសមីខ្លួន ឬឪពុកម្តាយអាណាព្យាបាល ជួយនាំកូនមកប្រគល់ជូនសមត្ថកិច្ចតាមសម្រួល នោះនឹងមានការបន្ថូរបន្ថយទោសទណ្ឌ តែបើរងចាំដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នោះនឹងគ្មានការលើកលែងឡើយ ។

លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ៖ ករណីនេះ ពុំមានក្រុមក្មេងស្ទាវ ដេញកាប់សមត្ថកិច្ចនោះឡើយ គឺកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជិះប្រដេញតាមចាប់ដើម្បីឃាត់សួរនាំ គ្រាដែលក្រុមទាំងនោះ ចេញពីទីតាំងសប្បាយភាពនាពេលរាត្រី ហើយនាំគ្នាជិះម៉ូតូជាក្រុមយ៉ាងប្រសាចពេញដងផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia