ព័ត៌មាន
នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បីត្រៀមធ្វើសមយុទ្ធរួមគ្នាជាមួយកម្ពុជា
នាវាពិឃាតរបស់ចិនចំនួនបីគ្រឿង បានដឹកកងទ័ពចិនរួមទាំងសម្ភារៈ បានមកដល់មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា ដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៦» រយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦នេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបាន ប្រាប់ទូរទស្សន៍ BTVថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នារយ:ពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ សមយុទ្ធមិត្តភាព កម្ពុជា-ចិននេះ នឹងលើកយកប្រធានបទដែលភាគីទាំងពីរព្រមព្រៀងគ្នានោះគឺ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្រ រួមគ្នា និងការងារសង្រ្គោះមនុស្សធម៌» ។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រោយនាវាដឹកសម្ភារៈយោធារបស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិនបានចូលចតនៅឯកំពង់ផែមូលដ្ឋានរាម ព្រមទាំងដឹកជញ្ចូនសម្ភារៈមកកាន់ទីលានសមយុទ្ធនានាផ្សេងទៀតដែលភាគីទាំងពីរបានឯកភាព។ ក្នុងអំឡុងពេលសមយុទ្ធ ភាគីទាំងពីរនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។
លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងទៀតថា សមយុទ្ធរួមគ្នារវាងកងទ័ពប្រទេសទាំងពីរនេះធ្វើឡើងដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បម្រើឲ្យការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ការផ្លាស់ប្ដូរបទពិសោធន៍ ការលើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពប្រទេសទាំងពីរជាដើម។
លោកឧត្តមសេនីយ៍បន្តថា ការចាប់ដៃគូធ្វើសមយុទ្ធជាមួយកងទ័ពចិន បានវិវត្តជាបន្តបន្ទាប់ ទាំងវិសាលភាពនៃការហ្វឹកហ្វឺន ទាំងប្រភេទកម្លាំងទ័ពចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការវិវត្តនេះ ជាឱកាសហ្វឹកហ្វឺនពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើភារកិច្ចការពារជាតិ ការរួមចំណែកថែរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ។
សូមរំឭកថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោលគឺមានចំនួន ៧លើករួចមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១៧ សមយុទ្ធនាគមាសរបស់ប្រទេសទាំងពីរត្រូវបានផ្អាកដោយហេតុផលជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ