Connect with us

ព័ត៌មាន

ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ

នៅ​ក្នុងឱកាស​ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក​នេះ ប្រជាពលរដ្ឋ ស្កាត់នាំក្រុមគ្រួសារពីបណ្ដាខេត្ត មកឈ្វេងយល់​ប្រវត្តិសាស្រ្ដ​នៅ​សារ​មន្ទីរជាតិ​ រាជធានីភ្នំពេញ។

ពលរដ្ឋរស់នៅខេត្តកំពត និងខេត្តលណ្ដាល បានប្រាប់ BTV នៅថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៦​នេះ​​ថា ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ពួកគាត់​សម្រេច​ចិត្ត​នាំ​ក្រុម​គ្រួសារ​មក​លេងភ្នំពេញ ដើម្បីទស្សនាទីតាំងប្រវត្តិសាស្រ្ដមួយចំនួន ពិសេសគឺនៅសារមន្ទីរជាតិ ដែលកំពុង តាំងពិព័រណ៌គ្រឿងអលង្ការបុរាណ។ ពួកគាត់ប្រាប់ថា ការនាំក្រុមគ្រួសារ មក​មើល​ការ​តាំង​ពិព័រណ៍ គ្រឿងអលង្ការបុរាណ ដែលជាមរតកដូនតា នៅសារមន្ទីរជាតិព្រោះចង់ឱ្យកូន និងចៅ បានឃើញ និងស្គាល់រតនវត្ថុខ្មែរ ដើម្បីឱ្យពួកគេចូលរួមថែរក្សា អភិរក្សមរតកដូនតាឱ្យគង់វង្សទៅថ្ងៃអនាគត។

លោកស្រី យ៉ង់ ប៉ូលី ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអតីតគ្រូបង្រៀន បានប្រាប់ BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា លោកស្រី​បាន​ប្រាប់​ឱ្យ​កូន​ស្រី​ជូន​មក​ទស្សនា ​រតនវត្ថុរបស់ដូនតាខ្មែរ ដែលរកឃើញពីតំបន់នានា និងយកពីបរទេសត្រឡប់​មក​កម្ពុជា​វិញ​។ លោកស្រីមានអារម្មណ៍ក្ដុកក្ដួលខ្លាំង ស្រណោះសម្បត្តិជាតិដែលបាក់បែកពីកន្លែងដើម ប៉ុន្ដែ​លោកស្រីក៏មានមោទនភាពខ្លាំងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំ​ប្រមូល​ផ្ដុំ​រតន​វត្ថុ​ដែល​ជា​សម្បត្តិ​ជាតិមកពីគ្រប់ទីកន្លែង។

លោកស្រី យ៉ង់ ប៉ូលី ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអតីតគ្រូបង្រៀន ៖ «ខ្ញុំ​ចង់​ឃើញ វត្ថុបុរាណខ្មែរមានអ្វីខ្លះ។ តាមពិតខ្ញុំធ្លាប់ឃើញហើយ តែមិនទាន់អស់​ព្រោះរ​ដ្ឋ​រក​ឃើញ​ថ្មី​ៗ​ទៀត ដោយសារថ្ងៃនេះបុណ្យអុំទូកផង កូនសម្រាកការងារ»។

លោកស្រី ពេជ្រ ពលរដ្ឋរស់នៅខេត្តកំពត ប្រាប់ថា លោកស្រី​មិន​ធ្លាប់បាន​មក​ដល់​សារ​មន្ទីរជាតិ​នេះ​ទេ ​ហើយឆ្លៀតឱកាសបុណ្យអុំទូកកូនឈប់សម្រាកការងារ អ្នកស្រីក៏ឆ្លៀតម​ក​ឱ្យបាន​ម្ដង​មើល​ពី​រតនវត្ថុដែលជាសម្បត្តិជាតិ។ អ្នកស្រីប្រាប់ថា អារម្មណ៍រំភើបដែល​បាន​ឃើញ​មរតក​បន្សល់​ពី​ដូន​តាម​កបែបនេះ។

លោកស្រី ពេជ្រ ពលរដ្ឋរស់នៅខេត្តកំពត ៖«ខ្ញុំនៅកំពត ថ្ងៃនេះខ្ញុំ​មក​មើល​នៅ​សារមន្ទីរជាតិ​មើល​វត្ថុ​បុរាណ​ពីសង្គចាស់។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ខ្ញុំមិនដែល​បាន​មក​ទេ​តាំង​ពី​ក្មេង​មក​ដល់​អាយុ​ជាង ៧០ឆ្នាំនេះទើបបានមក។ ខ្ញុំបានឃើញតាមទូរស័ព្ទ គេបើកឱ្យចូលមើលវត្ថុបរាណ ទោះ​អត់លុយក៏មកដែរ។ ការបង្ហាញបែបនេះធ្វើឱ្យយុវជននឹងចូលរួមថែរក្សាការពារឱ្យគង់វង្ស»។

លោក សុន ចាន់រតនៈវិសាល យុវជនរស់នៅរាជធានីភ្នំពេញ ប្រាប់ថា លោក​ចង់​មក​ឃើញ​ផ្ទាល់​ពី​សិលា​ចរិត​បុរាណ និងរតនវត្ថុដែលបព្វបុរសបន្សល់ទុកមក។ សម្រាប់លោក​ពិត​ជា​មាន​មោទនភាព​ចំពោះស្នាដៃរបស់ដូនតា។ ក្នុងនាមយុវជនលោក នឹងបន្តចូលរួមផ្សព្វផ្សាយ អភិរក្សម​រតក​ដូនតាឱ្យគង់វង្សបន្តទៅថ្ងៃអនាគត។

លោក សុន ចាន់រតនៈវិសាល យុវជនរស់នៅរាជធានីភ្នំពេញ ៖«ខ្ញុំចាប់​តាំង​ពី​បោះ​ជំហាន​ចូល​ដល់​ក្នុង​សារមន្ទីរជាតិ ពិតជាមានអារម្មណ៍មោទនភាពខ្លាំង ដែលបានឃើញមរតករបស់ដូនតា។ ហើយ​តាមដែលខ្ញុំបានដើរមើលឃើញថា អស្ចារ្យ មិនថា ផ្ទាំងសិលាចរិក និងរូបសំណាក់ គឺល្អខ្លាំង​។ ខ្ញុំឃើញថា មរតកដូនតាដែលអាចបន្សល់ទុកមកបាន គឺព្រោះរាជរដ្ឋាភិបាល​ខិត​ខំ​ខ្លាំង ​ទើបអាចទុកឱ្យពលរដ្ឋ ពិសេសយុវជនដូចខ្ញុំបានឃើញពេលនេះ។ ខ្ញុំក៏ដូច​ជា​យុវជន​ផ្សេង​ៗ​ទៀត​ ប្ដេជ្ញាចូលរួមថែរក្សាសម្បត្តិជាតិនេះឱ្យគង់វង្ស»។

ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បានបង្ហាញអារម្មណ៍មោទនភាព នៅពេលបានមកឃើញផ្ទាល់ នៅ​រតនវត្ថុរបស់បព្វបុរសជាច្រើនសម័យកាលនៅសារមន្ទីរជាតិពេលនេះ។ អាណិកជន​ខ្មែរ​នៅ​បារាំង​ បានផ្ញើសារដល់ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសផ្សេងៗទៀត មកលេងប្រទេស​កំណើត​មើល​ពី​ការអភិវឌ្ឍជាតិដែលកំពុងរីកច្រើនក្រោមម្លប់សន្តិភាព។

លោកស្រី សម ស៊ីផន ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ៖«ខ្ញុំថាជាឱកាសល្អបំផុត ដែល​បង្ហាញ​ឱ្យ​ពលរដ្ឋ​បានឃើញ នូវវត្ថុបុរាណរបស់ខ្មែរ។ ខ្ញុំឃើញខាងក្នុង​មាន​បង្ហាញ​នូវ​សម្បត្តិ​មហា​សាល​របស់​ខ្មែរ ខ្ញុំជឿជាក់ថា កូនខ្មែរនឹងថែរក្សាវប្បធម៌ មរតកដូនតាបានល្អទៅមុខទៀត។ សូមអរគុណ​រាជ​រដ្ឋាភិបាលដែលខិតខំការពារ និងស្វះស្វែងរកត្រឡប់​មក​វិញ​នូវ​សម្បត្តិ​ជាតិ​ដែល​បាន​រសាត់​អណ្ដែត​ពី​ប្រទេសយើងទៅ»។

លោក ម៉ម ប៊ុនថាន់ ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ៖«ខ្ញុំសប្បាយ​ចិ​ត្តបា​ន​ឃើញ​នៅ​សម្បត្តិ​របស់​បុព្វបុរសនៅទីនេះ។ ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសយុវជន មក​លេង​កម្ពុជា មកមើលការអភិវឌ្ឍ និងឈ្វេងយល់ពីប្រវត្តិសាស្រ្ដខ្មែរ ដើម្បីចូលរួមថែ​រក្សា​ប្រពៃណី​វប្បធម៌ និងមរតកដូនតាឱ្យគង់វង្ស»។

សកម្មភាព នៃការនាំក្រុមគ្រួសារមកឈ្វេងយល់ប្រវត្តិសាស្រ្ដនាឱកាសបុណ្យជាតិដ៏ធំនេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យឃើញពីការផ្សារភ្ជាប់គ្នារវាងការកម្សាន្ដ និងការអប់រំ ព្រមទាំងការឱ្យតម្លៃខ្ពស់លើ អត្ត​សញ្ញាណ និងប្រវត្តិសាស្រ្ដជាតិ ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

សូមជម្រាបជូនដែរថា សារមន្ទីរជាតិ បានរៀបចំពិព័រណ៌មិនអចិន្រ្ដៃយ៍ ស្ដីពីគ្រឿងអលង្ការបុរាណ ដោយដាក់តាំងបង្ហាញនូវ រតនវត្ថុខ្មែរ ដែលមានប្រភពមកពីច្រើនសម័យកាល និងច្រើនទីតាំងផ្សេងគ្នា តាំងពីសម័យបុរេប្រវត្តិសាស្រ្ដ ដល់សម័យក្រោយអង្គរ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia