Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋ៖ ទោះមិនមានពិធីប្រណាំងទូក ក៏ភ្នំពេញ​ឆ្នាំ​នេះ​នៅ​តែ​ផ្ដល់​ភាព​រីករាយ​ដល់​ពួក​គាត់​ដដែល

ទោះបីឆ្នាំនេះ រាជធានីភ្នំពេញមិនមានរៀបចំពិធីប្រណាំងទូកដូចបណ្តាឆ្នាំកន្លងមកក្ដី ក៏​តំបន់​មុខ​ព្រះបរមរាជវាំង និងមាត់ទន្លេ នៅតែមានភាពអ៊ូអរជាប្រចាំ ដោយសារ​ប្រជាព​លរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត នាំក្រុមគ្រួសារមកដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក ដោយក្តីរីករាយ​ចំពោះ​បរិយាកាសកម្សាន្តនៅរាជធានីភ្នំពេញ។

ជាក់ស្តែងប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ដែលកំពុងដើរកម្សាន្តនៅថ្ងៃទី២ ក្នុងឱកាស​ឈប់​សម្រាក​បុណ្យ​អុំទូក បានឱ្យដឹងថា ទោះគ្មានការរៀបចំពិធី​ប្រណាំង​ទូក​នៅ​រាជ​ធានី​ភ្នំពេញ​ដូច​ឆ្នាំ​មុន​ៗ​ក្តី ក៏មិន​បាន​ធ្វើ​ឱ្យបា​ត់​បង់​បរិយាកាស​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​អុំទូក​នោះ​ដែរ​។ ជាក់​ស្តែង​ពី​មួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនៅ តែបន្តធ្វើដំណើរ​មក​កម្សាន្ត​នៅ​តំបន់​មុខព្រះបរមរាជវាំង និងតាមបណ្តោយមាត់ទន្លេជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ទស្សនា​ទេសភាព និងទទួលទានអាហារផ្សេងៗ ជាពិសេសនៅពេលរសៀល និងពេល​យប់​ជា​ដដែល​​។

ប្រជាពលរដ្ឋមកពីខេត្តព្រះសីហនុ ដែលបាននាំកូនចៅៗមកដើរកម្សាន្តនៅមុខព្រះបរមរាជវាំង ក៏បានលើកឡើងថា ទោះមិនមានពិធីប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែចង់មកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនៅពេលរាត្រី ព្រោះប្រទេសកម្ពុជាយើងជាពិសេសរាជធានីភ្នំពេញ កាន់តែរីកចម្រើន និងសម្បូរសប្បាយ។ ម្យ៉ាងទៀតក៏ជាការរំលឹកពីអនុស្សាវរីយ៍ នៃការមកលេងរាជធានីភ្នំពេញក្នុងឱកាសបុណ្យអុំទូកជារៀងរាល់ឆ្នាំផងដែរ។ ដូច្នេះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមអញ្ជើញមកកម្សាន្តឱ្យបានគ្រប់គ្នា។

ក្រៅពីតំបន់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញក៏មានគោលដៅទេសចរណ៍ និងទីតាំងកម្សាន្តជាច្រើនទៀត ដូចជា តំបន់ផ្លូវបាសាក់ ឬ Bassac Lane សារមន្ទីរជាតិ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងសេវាជិះទូក និងសេវារថយន្តទេសចរណ៍គ្មានដំបូលជាដើម។ ទីតាំង និងសេវាកម្សាន្តទាំងនេះ ផ្តល់ជម្រើសកាន់តែសម្បូរបែបថែមទៀតដល់ភ្ញៀវមកពីតាមបណ្តាខេត្ត ក្នុងការបន្តដំណើរកម្សាន្ត និងឈ្វេងយល់ពីភាពរស់រវើករបស់រាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់៕ អត្ថបទ៖ ពៅយី 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia