Connect with us

ព័ត៌មាន

ទេសចរជាច្រើន អំពាវនាវដល់សាធារណជននានាទៅកម្សាន្តនៅបាត់ដំបង ដែល​ពិត​ជា​មិនខក​បំណង​នោះឡើយ

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនកុះករបានធ្វើដំណើរកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបងប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍រីករាយស្រស់ស្រាយនៅពេលបានមកលេងកម្សាន្តសប្បាយនៅខេត្តបាត់ដំបងដែលជាទឹកដីពោរពេញទៅដោយទេសភាពធម្មជាតិបៃតងខៀវខ្ចី ខ្យល់អាកាសល្អបរិសុទ្ធ និងម្ហូបអាហារមានរសជាតិឆ្ងាញ់ពិសារ។

ក្រៅពីមកកម្សាន្តផ្ទាល់ ភ្ញៀវទេសចរទាំងនោះក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្សេងទៀតសូមអញ្ជើញមកលេងកម្សាន្តសប្បាយនៅខេត្តបាត់ដំបង ដែលពិតជាមិនខកបំណងឡើយ។

ក្នុងឱកាសដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាពទូទៅនៅតាមគោលដៅទេសចរណ៍នានា លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញការកត់សម្គាល់ថា នៅក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនកុះករទៅទស្សនាកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង ជាពិសេសគោលដៅទេសចរណ៍នៅជាប់ប្រភពទឹកធម្មជាតិ។

លោកគូសបញ្ជាក់ថា នៅរដូវកាលនេះជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរកម្សាន្តមកកាន់់ទឹកដីខេត្តបាត់ដំបងដែលមានអាកាសធាតុត្រជាក់ល្អ និងទេសភាពធម្មជាតិស្រស់បំព្រង។

បាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia