Connect with us

ព័ត៌មាន

បណ្ដាហាងនានានៅតំបន់មាត់ទន្លេរកចំណូលបានច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បណ្តាហាងនានានៅតំបន់មាត់ទន្លេ មានអតិថិជនច្រើន និងទទួលបានចំណូលច្រើនជាងថ្ងៃធម្មតា។

បុគ្គលិកតាមបណ្តាហាងមួយចំនួននៅតំបន់មាត់ទន្លេ នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះ បានប្រាប់BTVថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកពីរថ្ងៃមកនេះ ការលក់ម្ហូបអាហារខ្មែរ និងបរទេស ព្រមទាំងភេសជ្ជនានា មានការគាំទ្រច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឲ្យចំណូលមានការកើនឡើងជាងថ្ងៃធម្មតា។បុគ្គលិកទាំនោះបន្តថា បើទោះបីឆ្នាំនេះ នៅរាជធានីភ្នំពេញ មិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកក្តី ក៏នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តនៅផ្លូវថ្មើជើង។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តិទៅក្នុងរយៈពេលបីថ្ងៃ ចាប់ផ្តើមតាំងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការរៀបចំពិធីបុណ្យអុំទូក នៅថ្នាក់ជាតិក្នុងឆ្នាំនេះ មិនបានរៀបចំនោះទេ ដោយសាររាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការងារអាទិភាពចំពោះមុខមួយចំនួនទៀត។ ដោយឡែកសម្រាប់ តាមបណ្តាខេត្តនានា រៀបចំពិធីបុណ្យអុំទូក ឬមិនរៀបចំ គឺអាស្រ័យទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិ។រីឯការឈប់សម្រាកសម្រាប់អ្នកបំរើការងារនៅវិស័យសាធារណ និងឯកជន នៅរក្សាថ្ងៃឈប់សម្រាកដដែល៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia