Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួបរិស្ថាន៖ តួនាទីស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរ​​​ភា​ព​​​​​នៅ​​​​កម្ពុជា

ភ្នំពេញ៖ ក្នុងបរិបទដែលពិភពលោក និងកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ និង​ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន តួនាទី​របស់ស្ត្រី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្លាំង​ស្នូល​មិន​អាច​ខ្វះបា​ន។ ការពង្រឹងភាពជាអ្នកដឹកនាំ និងតួនាទីស្ត្រី ជាកម្លាំងចលករដ៏សំខាន់ ក្នុង​ការ​កសាង​ស​ហគមន៍ស្អាត បៃតង និងចីរភាពនៅកម្ពុជា»។

នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសសាខាសមាគមនា​​រីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្នុង​វេទិកាជាតិស្តីពី «ស្ត្រី និងបរិស្ថាន» ក្រោមប្រ​​​ធា​នបទ «ការពង្រឹងភាពជាអ្នកដឹកនាំ និង​ការ​ចូល​រួម​របស់​ស្ត្រី ដើម្បីសហគមន៍ស្អាត បៃតង និងចីរភាព» ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះស្ត្រីកម្ពុជាគ្រប់រូប ដែល​បាន​ចូល​រួមយ៉ាងសកម្ម ក្នុងបុព្វហេតុបរិស្ថាន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើ​ជំហរ​​ដ៏មុត​​ស្រួចរបស់កម្ពុជាគឺ ការជំរុញសកម្មភាពឆ្លើយតប នឹងការប្រែប្រួល​អាកាស​ធាតុ​ដែល​គិតគូរ​ពីយេ​នឌ័រ ជាពិសេសការបញ្ចូលទិដ្ឋភាព សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅ​ក្នុង​ផែនការរួមចំណែកជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) ដែល​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់ ការចូលរួម ភាពជាអ្នកដឹកនាំ លទ្ធភាពទទួលបានធនធានរបស់ស្ត្រី និង​ការ​បង្កើតមុខរបរ ដែលមានភាពធន់នឹងអាកាសធាតុ។

ក្នុងឱកាសនោះដែរ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀងអាហារ និង​កសិកម្ម​សហ​ប្រជា​ជាតិ ​ប្រចាំកម្ពុជា (FAO) បានលើកឡើងពីបរិបទដ៏សំខាន់ និងពហុវិស័យនៃតួ​នាទី​ស្ត្រីក្នុ​ង​វិស័យ​បរិស្ថាន និងការអភិវឌ្ឍ។ លោកស្រីបានសង្កត់ធ្ងន់ថា ស្ត្រី បាន និង​កំពុង​ដើរ​តួនាទី​យ៉ាង​សកម្ម ​ក្នុងការធានា​​សន្តិសុខស្បៀងប្រចាំគ្រួសារ ចូលរួមក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងជា​ពិសេស​ឆ្លើយតបដោយផ្ទាល់ នឹងការប្រែប្រួលអាកាសធាតុ នៅតាមសហគមន៍ ដែល​ចំ​បាច់​មាន​ការ​លើក​កម្ពស់សមត្ថភាព និងគាំទ្រដល់ការរួមដល់ពួកគាត់ឱ្យបានប្រសើរថែមទៀត៕

គួរបញ្ជាក់ដែរថា វេទិកាថ្នាក់ជាតិស្តីពី «ស្ត្រី និងបរិស្ថាន» ក្រោមប្រធានបទ «ការពង្រឹងភាពជាអ្ន​​ក​​​ដឹកនាំ និងការចូលរួមរបស់ស្ត្រី ដើម្បីសហគមន៍ស្អាត បៃតង និងចីរភាព» ត្រូវបានរៀបចំឡើង ក្រោម​កិ​​ច្ចស​​ហការរវាងក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួងបរិស្ថាន និងសាខា​សមាគ​ម​នារី​កម្ពុជា ដើម្បី​សន្តិភាព និ​​ង​​​​អភិវឌ្ឍន៍ក្រសួងបរិស្ថាន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា​​​៕ ​អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia