Connect with us

ព័ត៌មាន

បាំងតែពីរថ្ងៃទៀត ដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹង​ត្រូវ​បញ្ចប់

នៅបាំងតែពីរថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ នៃការចុះឈ្មោះ និងធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០២៦ នឹងត្រូវបញ្ចប់។ ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្រ ខណៈ​មន្ត្រី​ជំនាញ​ក៏ខិតខំផ្ដល់សេវាល្អរហ័ស។

ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី២ បាន​បន្ត​ផ្តល់​នីតិ​វិធី​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ដែលចុះឈ្មោះថ្មី និងអ្នកដែលត្រូវធ្វើជីវមាត្រឡើងវិញ ដើម្បីផ្ទៀងផ្ទាត់​ទិន្នន័យ​ប​ញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ ត្រៀម​សម្រាប់​ការ​ចូល​រួម​បោះឆ្នោត​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ។

លោកស្រី ឆេង ចាន់ថន ចៅសង្កាត់ផ្សារដេប៉ូទី២ នៃរដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​របស់​លោកស្រី យុវជនដែលគ្រប់អាយុត្រូវចុះឈ្មោះថ្មីមានចំនួនតិចតួចប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​បាន​មក​ជា​បន្តបន្ទាប់។ ដោយឡែក សម្រាប់អ្នកត្រូវធ្វើជីវមាត្រឡើងវិញ គឺមាន​រហូត​ដល់​ជាង​៣​ពាន់​នាក់ តែអ្នកដែលបានអញ្ជើញមកធ្វើជាក់ស្តែង បានត្រឹមតែជិត១ពាន់នាក់ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី២៨ ខែវិច្ឆិកានេះ ដែលគិតជាអាត្រាភាគរយមិនដល់៥០ភាគរយផង។

លោកស្រីចៅសង្កាត់បន្ថែមថា គិតចាប់តាំងពីថ្ងៃចាប់ផ្តើមដំណើរការចុះឈ្មោះ និងធ្វើជីវមាត្រ ក្រុម​ការងារអាជ្ញាធរសង្កាត់ ទាំងសមាជិកក្រុមប្រឹក្សា រហូតដល់មេភូមិ ប្រធានក្រុម បាន​ដាក់​ចេញ​យន្តការ​ផ្សព្វ​ផ្សាយជាច្រើនរូបភាព តាមរយៈការចាក់មេក្រូលើម៉ូតូជិះតាមភូមិក្តី ការផ្សព្វផ្សាយ​តាម​ផេក​ហ្វេសបុករបស់រដ្ឋបាលសង្កាត់ក្តី ក៏ដូចជាការយកលិខិតទៅអញ្ជើញ និងបាន​ជម្រាប​ដោយ​ផ្ទាល់​មាត់ផងដែរ តែចំនួនអ្នកដែលអញ្ជើញ​ម​កធ្វើ​បច្ចុប្បន្ន​ភាព​នៅ​មិន​ទាន់​សមតុល្យ​នៅ​ឡើយ​នោះទេ។

លោកស្រីចៅសង្កាត់ ក៏សូមអំពាវនាវយ៉ាងទទូចចំពោះបងប្អូនដែលត្រូវធ្វើជីវមាត្រ សូម​រួស​រាន់​អញ្ជើញ​មកធ្វើឲ្យបានទាន់ពេល ព្រោះសល់ពេលតែ២ថ្ងៃប៉ុណ្ណោះ ។ សូមបងប្អូន ចាត់ទុកការ​បោះឆ្នោត​គឺ​ជារឿងសំខាន់ និងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ។ ការមិនបានចូលរួមបោះឆ្នោត គឺ​ជាការបោះបង់សិទ្ធិជាម្ចាស់សំឡេងឆ្នោត ក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួន និង​ជ្រើសរើសជោគវាសនាអ្នកដឹកនាំប្រទេសជាតិផងដែរ ។

ពលរដ្ឋ បានសម្តែងក្តីពេញចិត្តចំពោះការបំពេញនីតិ​វិធី​ដ៏លឿនរហ័ស​ពី​សំណាក់​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយពួកគេក៏បានត្រៀមខ្លួនរួចរាល់ពេញលេញសម្រាប់ការចូលរួមបោះឆ្នោត ដើម្បី​បំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ពលរដ្ឋបន្ថែមថា ការជ្រើសរើសអ្នកដឹកនាំល្អ គឺនឹងជួយដល់ការអភិវឌ្ឍន៍មូលដ្ឋាន និង​ប្រទេស​ជាតិ ជួយដល់ប្រជាជនអាចរស់នៅបានសុខសាន្តផងដែរ ក្រោមដំបូល នៃសុខសន្តិភាព​ពេញ​លេញ។

គួរជម្រាបជូនថា ដំណើរការ នៃការចុះឈ្មោះ និងការធ្វើ​បច្ចុប្បន្ន​ភាព​ប​ញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២៦ បានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹង​ត្រូវ​បិទ​បញ្ចប់​ទាំង​ស្រុងដែលមានរយៈពេល៥៥ថ្ងៃ៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia