ព័ត៌មាន
សម្ដេចធិបតី៖ ការទទួលបានវត្ថុបុរាណ៧០រូបបន្ថែមទៀតនេះ គឺជានិមិត្តរូបនៃការជួបជុំព្រលឹងដូនតាខ្មែរ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះនៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថាការទទួលបានវត្ថុបុរាណ៧០រូបបន្ថែមទៀតនេះគឺជានិមិត្តរូបនៃការជួបជុំព្រលឹងដូនតាខ្មែរ។

ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យជាតិអន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជារតនៈសម្បត្តិរបស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន។ ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ ខណៈនៅព្រឹកថ្ងៃទី២២ ខែសីហានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។
ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន។
សូមជម្រាបថា សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការបានត្រូវប្រគល់មកវិញពី គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកសូ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។
សូមបញ្ជាក់ថា ម្លប់សុខសន្តិភាព បានធ្វើឱ្យរាជរដ្ឋាភិបាលខ្មែរ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រឹងប្រែងស្វះស្វែងរកព្រះបដិមាខ្មែរដែលបាត់បង់ក្នុងសម័យសង្គ្រាម ហើយប្រឹងប្រែង តស៊ូផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍នានាយ៉ាងស្វិតស្វាញ នាំមកវិញជាបន្តបន្ទាប់ នូវព្រះបដិមាដែលជារតនៈសម្បត្តិរបស់ខ្មែរ៕អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ