ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ណែនាំកសិករបង្កើនការផលិតពូជស្រូវសំខាន់ពីរប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារ
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករឲ្យបង្កើនការផលិតពូជស្រូវសែនក្រអូប និងពូជស្រូវផ្កាម្លិះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ខណៈពូជស្រូវទាំងនេះកំពុងមានការចាប់អារម្មណ៍ និងមានតម្លៃខ្ពស់។
នៅក្នុងកិច្ចប្រជុំមុនចុះឈ្វេងយល់សង្វាក់ផលិតកម្មនានារបស់រោងម៉ាស៊ីនកិនស្រូវ ស្ថិតនៅក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២២ ខែសីហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អង្ករផ្កាម្លិះរបស់កម្ពុជា បានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោក ក្នុងការប្រគួតប្រជែងវេទិកាស្រូវ-អង្ករពិភពលោក៥លើកកន្លងមកហើយ។ ជ័យលាភីនេះ គឺដោយសារតែអង្ករកម្ពុជា មានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អ ស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករមានលក្ខណៈទាក់ទាញ ក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរ និងមានឱជារសឆ្ងាញ់។
ឯកឧត្តម ឌិត ទីណា បានលើកឡើងបន្តថា ពូជស្រូវសែនក្រអូប ក៏ជាពូជស្រូវមួយប្រភេទរបស់កម្ពុជាដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ប៉ុន្តែកសិករហាក់មិនសូវបានធ្វើការដាំដុះនោះទេ ដោយសារតែចំណាយពេលវេលាវែង និងហុចផលមិនសាកសម។ ឯកឧត្តមបន្ថែមថា បច្ចុប្បន្នកសិករនិយមដាំដុះស្រូវចំរុះដែលចំណាយពេលវេលាខ្លី ហើយទទួលបានទិន្នផលល្អ រីឯតម្លៃក៏មិនលើសគ្នាប៉ុន្មានពីស្រូវសែនក្រអូបនេះដែរ។
នាឱកាសដដែលនោះ ឯកឧត្តម ឌិត ទីណា បានលើកឡើងនូវគោលនយោបាយរបស់ក្រសួង គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួលដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ហើយការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវ សែនក្រអូបនិងផ្ការំដួលដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវនិងមានខ្សែច្រវាក់ទីផ្សារល្អ លើសពីនេះ ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់និងមានតម្លៃល្អ។ ឯកឧត្តម ក៏បានជំរុញឱ្យកសិករផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អនិងតម្លៃល្អ។
សូមជម្រាបជូនថា ដើម្បីជំរុញដល់ការនាំចេញ ក៏ដូចជាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជា រដ្ឋមន្រ្តីចំនួន ៣រូប រួមមាន៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវតន៍ , ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ញើញធ្វើដំណើរទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនស្រូវចំនួនពីរ ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យមើលទិដ្ឋភាពនៃសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព ព្រមទាំង ប្រាក់ចំណេញ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានា)៕












-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ