កីឡា
ព្រះខ័នរាជ ឈរកំពូលតារាង ក្រោយក្រោនស្មើថាយហ្គឺរ ខណៈបឹងកេតឡើងបង្គ្រប់ Top-6
ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ វិញហើយ ក្រោយខកខានជាច្រើនសប្ដាហ៍ បន្ទាប់ពីក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ គ្រាដែលក្រុមបឹងកេត បានឡើងបង្គ្រប់កៅអី ៦ក្រុមកំពូលតារាង(Top-6) បន្ទាប់ពីយកឈ្នះលើក្រុមគូប្រជែង ISI ដង្កោសែនជ័យ ៨-១ កាលពីចុងសប្ដាហ៍កន្លងទៅ។
សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋានឡាយហ្វ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ ធ្វើសម្រេចដោយកីឡាករ Bounphachan Bounkong ២គ្រាប់ នៅនាទី១៣ និងនាទី៤៨ និង ញាណ សុស៊ីដាន ១គ្រាប់ នៅនាទី៨២ ក្រោយកីឡាករ អ៊ុក ដេវីន រកបាន ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ តាំងពីនាទី១៦។
ការបន្ថែម ៣ពិន្ទុពេញនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាង ដោយរកបាន ៤៩ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលធ្លាក់មកឈរលេខរៀងទី២ ក្រោយគ្រងតំណែងកំពូលតារាងជាច្រើនសប្ដាហ៍កន្លងមក ។ ការរបូតកៅអីកំពូលតារាងនេះ បន្ទាប់ពីក្រុមសិង្ហក្រហម ទទួលបាន ១ពិន្ទុដ៏តានតឹងពីក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្រោយជំនួបដ៏កក្រើកកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីរាត្រីថ្ងៃទី០៩ ខែកុម្ភៈ។
ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបើកការនាំមុខតាំងពីនាទី១៩ ដោយកីឡាករ Jelle Goselink មុនអង្គរថាយហ្គឺរ តាមស្មើ នៅនាទី៦០ ពីការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Nagashima Kodai បន្ទាប់ពីអ្នកចាំទី សាវែង សំណាង បង្កកំហុសលើខ្សែប្រយុទ្ធ គី រីណា ក្នុងប្រអប់គ្រោះថ្នាក់ ។ បន្ទាប់មកក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ទោះបីម្ចាស់ផ្ទះ សល់គ្នាត្រឹម ១០នាក់ ក្រោយកីឡាករ សុខគ្រី សូហ្វាន រងពិន័យកាតក្រហម នៅនាទី៨៥ ក៏ក្រុមទាំងពីរ ព្យាយាមសម្រុក និងមានឱកាសស៊ុតជាច្រើនលើក តែពុំមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផល ១-១ ដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបដណ្ដើមកៅអី Top-6 វិញ ក្រុមបឹងកេត បានបញ្ចប់ក្ដីសង្ឃឹមក្រុម ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៨-១ គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៤-៤ ប៉ុណ្ណោះ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមបឹងកេត ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា ៣គ្រាប់, ម៉ាត់ ណូរុណ ២គ្រាប់, អាវ សុវណ្ណារ៉ា, Golubovic Stefan និង Yoshihama Ryohei ម្នាក់ ១គ្រាប់ ។ រីឯ ១គ្រាប់របស់ ISI ដង្កោសែនជ័យ ធ្វើសម្រេចដោយកីឡាករ ហាវ សុខនេត្រ ។
ជាមួយជ័យជម្នះនៅពហុកីឡដ្ឋានជាតិនេះដែរ នាំឲ្យក្រុមបឹងកេត ក្លាយជាបេក្ខភាពកូនពៅ ដែលទទួលបានកៅអី Top-6 ដើម្បីបន្ដការប្រកួតដំណាក់កាលទី២ ក្រោយរកបាន ៣០ពិន្ទុ តាមពីក្រោយក្រុមណាហ្គាវើលដ៏ ដែលរកបាន ៣៣ពិន្ទុ បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ២-១៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន