ព័ត៌មាន
អាជ្ញាធរជាតិអប្សរា ប្រារព្ធខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរានាបរិវេណប្រាសាទបាយ័ន
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា(១៩ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ខែកុម្ភៈ ឆ្នាំ២០២៥) នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ច្រកចូលខាងកើត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា និងអ្នកពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ។
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថាប័នអាជ្ញាធរជាតិអប្សរាបានដើរតួនាទីអភិរក្ស ដោយមានការជ្រោមជ្រែងជាឆ្អឹងខ្នង ការអនុវត្តបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(អាយស៊ីស៊ី-អង្គរ) ការជួយជ្រោមជ្រែងពីបណ្តាប្រទេសអន្តរជាតិជាមិត្ត ជាពិសេស ជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យ។
ក្នុងឆ្នាំ២០០៤ អង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ហើយបន្ទាប់មកទៀត អាជ្ញាធរជាតិអប្សរាបានកំណត់គោលដៅបន្ថែមទៀត គឺការអភិវឌ្ឍដោយចីរភាពបន្ថែមលើការអភិរក្ស។ ក្រៅពីធានាឱ្យបាននូវកិច្ចការអភិរក្ស និងការអភិវឌ្ឍដោយចីរភាព ការងារដែលសំខាន់មួយទៀត គឺការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរទាំង១១២ភូមិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងបេតិកភណ្ឌអរូបី ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២៣ អង្គរ ត្រូវបានស្ថាប័នអន្តរជាតិទទួលស្គាល់ និងយកធ្វើជាគំរូ ក្នុងការអនុវត្តទៅលើបេតិកភណ្ឌផ្សេងទៀតលើពិភពលោក ក្នុងចំណោមបេតិកភណ្ឌ៣ប្រភេទ គឺបេតិកភណ្ឌក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌជោគជ័យ។
ឯកឧត្តមអគ្គនាយក មានប្រសាសន៍ទៀតថា សមិទ្ធផលទាំងអស់នេះ មិនអាចកើតឡើងបានទេ បើគ្មានសន្តិភាព និងការគាំទ្រពីថ្នាក់ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ដៃគូអន្តរជាតិ និងឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ចំពោះព្រះរាជកិច្ចដ៏ថ្លៃថ្លាលើកិច្ចការវប្បធម៌ និងបេតិកភណ្ឌ និងសូមឧទ្ទិសកុសលផលបុណ្យ ចំពោះវិញ្ញាណក្ខន្ធ អតីតថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងឥស្សរជនផ្សេងទៀត ចំពោះបុព្វហេតុថែរក្សា ការពាររមណីយដ្ឋានអង្គរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីប្រារព្ធខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ធ្វើឡើងក្រៅពីរម្លឹកការដំណើរការដំបូងនៃអាជ្ញាធរជាតិអប្សរា ការខិតខំប្រឹងប្រែងកន្លងមក របស់បុព្វការីជន និងឥស្សរជនជាតិ អន្តរជាតិគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកជំទាវថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តស្មារតីដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យវិស័យទេសចរណ៍ និងវប្បធម៌កំពុងមានវឌ្ឍនភាព និងជាវិស័យមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយសោភ័ណភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលជាតិ រហូតមានការទទួលស្គាល់ និងកោតសរសើរពីសាធារណជន។
លោកជំទាវបណ្ឌិតសភាចារ្យមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំទាំងអស់នៃអាជ្ញាជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយការយកចិត្តទុកដាក់៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ