ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ ៖ ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាពនៃការ ថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Marianna TRIAS តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងតំណាងរដ្ឋបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍន៍ និងតាមប្រព័ន្ធអនឡាញ គ្រូពេទ្យផ្នែកសម្ភព ប្រធានថែទាំ និងឆ្មប នៅមន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព, នាថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥នេះ។
លោកជំទាវ ម៉ែន នារីសោភ័គ អានសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា ទារក និងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” នូវសារប្រកបដោយអត្ថន័យ និងអនុសាសន៍សំខាន់ៗ ជូនចំពោះបងប្អូន កូន ក្មួយ ជនរួមជាតិទាំងអស់។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដឹកនាំសកម្មភាពដ៏មោះមុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកទឹកចិត្ត និងគាំទ្រសកម្មភាពអប់រំផ្សព្វផ្សាយ អំពាវនាវដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តសកម្មភាពទាំងអស់ ដែលនាំមកនូវការថែទាំសុខភាពមាតា ទារក និងកុមារ សំដៅទៅដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជាឱ្យកាន់តែនៅទាបតាមគោលដៅកំណត់។ ក្នុងនោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព ឱ្យមានការចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ពីអង្គការដៃគូជាតិ និងអន្តរជាតិទាំងអស់ ជាកម្លាំងរួមដ៏ខ្លាំងក្លា ជួយកម្ពុជាឈានទៅសម្រេចបានតាមគោលដៅកំណត់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ប្រធានបទទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងឆ្នាំនេះ ពិតជារៀបចំត្រូវ ស្របតាមកាលៈទេសៈ ពីព្រោះ ដើម្បីធ្វើឱ្យភាពជាដៃគូរវាងសេវាសាធារណៈ និងសេវាឯកជនបានរឹងមាំប្រកបដោយគុណភាព យើងត្រូវចាប់ផ្តើម ពង្រឹងអន្តរាគមន៍គន្លឹះនានាដែលអាចអនុវត្ត។ គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ (យ៉ាងតិច៩០%) ទទួលបានការពិនិត្យថែទាំ តាមដាន យ៉ាង តិច៤ដង។ គ្រប់ការសម្រាលទាំងអស់ (យ៉ាងតិច៩០%) ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមាន ជំនាញ និងនៅមូលដ្ឋានសុខាភិបាល។ គ្រប់មាតា និងទារកទើបកើតទាំងអស់ (យ៉ាងតិច៨០%) ទទួលបានការថែទាំជាសារវ័ន្ត ភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល។ គ្រប់ស្រ្តីមានផ្ទៃពោះ ប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ (យ៉ាងតិច៨០%) ទទួលបានសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត។ គោលដៅកំណត់ទាំងបួននេះ ជាគោលដៅសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវធ្វើឱ្យបាន ដើម្បីកាត់បន្ថយការស្លាប់របស់មាតា ទារក និងកុមារ បន្ថែមទៀត។ គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាចទប់ស្កាត់ផលវិបាកក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា គ្រប់ការសម្រាលកូនទាំងអស់ត្រូវ តែធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈឬឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព។ ទារកទើបនឹងកើត ត្រូវទទួលបានភ្លាមៗ នូវការថែទាំ និងការសង្គ្រោះបន្ទាន់ (ក្នុងករណីចាំបាច់) ការតាមដានសុខភាព និងការបំបៅដោះម្តាយ ដូចនេះហើយសេវាថែទាំ និងសង្គ្រោះទារកទើបកើត ចាំបាច់ត្រូវតែមាននៅគ្រប់កន្លែងសម្ភព សម្រាលកូន។ ក្នុងករណី ដែលមានផលវិបាកណាមួយកើតឡើង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ត្រូវតែអនុវត្តជាបន្ទាន់ នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនទាន់ ពេលវេលា ទៅមន្ទីរពេទ្យ ដែលមានការផ្តល់សេវាកម្រិតខ្ពស់ជាង ប្រកបដោយការទទួលខុសត្រូវលើការបញ្ជូនជំងឺ និងប្រឹងប្រែងអស់សមត្ថភាព។
ឯកឧត្តមសាស្រ្តាចារ្យ បញ្ជាក់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនមានគុណភាព ពីព្រោះការគ្របដណ្តប់សេវាសុខភាពជាសកល មិនអាចសម្រេចបានជោគជ័យទេ បើគ្មានការចូលរួមពីសេវាឯកជន។ ការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងជំនាញបច្ចេកទេស ទាំងធនធាន ទាំងស្មារតី នឹងនាំទៅដល់ភាពជាដៃគូដ៏ជិតស្និទ និងមានប្រសិទ្ធភាពរវាងសេវាសាធារណៈ និងឯកជន រួមទាំងសេវាសុខាភិបាលរបស់ដៃគូមិនមែនរដ្ឋាភិបាល។ ការជួយគ្នានេះនឹងធានាឱ្យប្រជាពលរដ្ឋ ពិសេសមាតា ទារក កុមារ យុវវ័យ និងអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពដូចគ្នា គ្រប់ទីកន្លែង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ឱ្យទទួលបានលទ្ធផលធំច្រើនជាងមុន ជាមួយនឹងការចំណាយទាប៕
អត្ថបទ៖ រដ្ឋា




















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦