ព័ត៌មាន
លោក ទូច សុខៈ៖ រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗដល់អាណត្តិនេះបានអនុវត្តយ៉ាងសកម្មលើការបង្ក្រាបករណីជនបរទេសប្រតិបត្តិការសកម្មភាពអនឡាញខុសច្បាប់នៅកម្ពុជា
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ បានបញ្ជាក់ទាក់ទងនឹងការបង្ក្រាបករណីជនបរទេសប្រតិបត្តិការសកម្មភាពអនឡាញខុសច្បាប់នៅកម្ពុជា ថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើរឿងតាំងពីយូរមកហើយ គឺតាំងពីរដ្ឋាភិបាលអាណត្តិមុនៗ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។

លោក ទូច សុខៈ បានឱ្យដឹងថា ចំពោះករណីនេះនៅប្រទេសថៃ ឃើញថា រដ្ឋាភិបាលថ្មីចាប់ផ្ដើមធ្វើរឿងនេះដែរ ដើម្បីបង្ហាញឆន្ទៈ ពិសេសទប់នឹងការវាយប្រហារពីបក្សប្រឆាំងខ្លួនដែលឆ្កឹះប្រធានបទជាច្រើនដាក់បន្ទុកដល់រដ្ឋាភិបាលឬបក្សកាន់អំណាច។ ចំពោះកិច្ចសហការលើការបង្ក្រាបករណីនេះ ក៏មានតាំងពីយូរមកហើយដែររវាង កម្ពុជា ថៃ ឡាវ និងវៀតណាម រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងបី។
លោក ទូច សុខៈ បន្ថែមថា ពោលគឺ តែងប្រជុំប្រចាំឆ្នាំជាប្រពៃណី និងកិច្ចសហការជាប្រចាំថ្ងៃទាំងការបញ្ជូនព័ត៌មានឱ្យគ្នា និងកិច្ចសហការបង្ក្រាបបទល្មើស ដែលទទួលបានប្រសិទ្ធភាពជាទីមោទក។
លោកបញ្ជាក់ថា៖«បើគ្រាន់តែឃើញប្រទេសជិតខាង ដាក់ចេញវិធានការនេះវិធានការនោះ រួចមកភ្ជាប់កម្មជាក្នុងន័យអវិជ្ជមាន នោះជាការលើកឡើងពុំបានមើលឱ្យគ្រប់ជ្រុងជ្រោយ»។
បើតាមការបញ្ជាក់របស់លោក ទូច សុខៈ កម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ បណ្ដាប្រទេសផ្សេងៗ ក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមកទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស…។ ជារួមករណីតាមប្រព័ន្ធ Call Centre ជាករណីរួមគ្នា ហើយកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមានទំនុកចិត្តគួរឱ្យកត់សម្គាល់ គឺបទល្មើសប្រភេទនេះបានស្រាកស្រាន និងគ្រប់គ្រងបាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានបញ្ជាក់ថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការ របស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាងបីខែកន្លងមក។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជា ដ៏ម៉ឺងម៉ាត់បំផុតរបស់ ឯកឧត្តមរអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការ ចង្អុលដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។
ចំណែក ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។ ជនបរទេសទាំងនោះកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុង ស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។
បើតាម អគ្គស្នងការដ្ឋាននគរបាលជាតិ ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅ ស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនបរទេស ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន