ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពកកម្ពុជាជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយកិច្ចជំនួបនោះបានពិភាក្សាគ្នាជា ច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងក៏បានពិភាក្សាអំពីការរៀបចំធ្វើសមយុទ្ធឆ្មាំអង្គររបស់កងទ័ពនៃប្រទេសទាំងពីរឡើងវិញផងដែរ ក្រោយខកខានអស់រយៈពេល៨ឆ្នាំ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅពេលនេះ ថាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌ និងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅកម្ពុជា ការចូលចតនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងយោធពលខេមរភូមិន្ទបានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានាដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាមេរិកជាដើម។ ឯកឧត្តមបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងបន្ថែមសមត្ថភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសំណូមពរកិច្ចការមួយចំនួនដើម្បីបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព កិច្ចសន្ទនារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ការបង្កើនវគ្គបណ្តុះបណ្តាលបណ្ឌិតសភាយោធាតាមបណ្តាប្រភេទទ័ព រួមនឹងវគ្គទំនាញមួយចំនួនទៀត។ ទន្ទឹមនេះ ឯកឧត្តមបានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានលើកឡើងពីសំណូមពរនានានៅកិច្ចការដែលកងទ័ពប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានសន្យាថានឹងពាំនាំនូវសំណូមពរទាំងនេះទៅពិភាក្សានៅឯបញ្ជាការក្នុងនោះផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ និងការប្រឆាំងភេរវកម្មជាដើម។ លោកមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលខុសត្រូវដល់បុគ្គលិកជនជាតិអាមេរិកបាត់ខ្លួនលើទឹកដីកម្ពុជា ក្នុងការបន្តស្វែងរកអដ្ឋិធាតុដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារអ្នកទាំងនោះវិញ។
ចំពោះសំណូមពរធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានគូសបញ្ជាក់ពីកិច្ចពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕
អត្ថបទបាន ចក់រូបភាព កងទ័ព(រូបភាពវង្ស ពិសេន)



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព