ព័ត៌មាន
ដាណឺម៉ាកស្វែងយល់ពីវិស័យដឹកជញ្ជូន និងការអភិវឌ្ឍពង្រីកសមត្ថភាពផែទឹកជ្រៅរបស់កម្ពុជា
ភ្នំពេញ ៖ ដាណឺម៉ាកស្វែងយល់គោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាម ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាពិសេសការស្វែងយល់អំពីសក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅ របស់កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន និវេសនដ្ឋាននៅក្នុងរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូអមដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ព្រមទាំងការពង្រីក សមត្ថភាព និងវិសាលភាពរបស់កំពង់ផែនៅតាមបណ្តាខេត្តជាប់សមុទ្រមានជាអាទិ៍ ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលទាំងអស់ នោះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាំងពីនីតិកាលមុនៗ រហូតមកដល់ បច្ចុប្បន្ន ពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្រ្ត និងការដាក់ចេញនូវគោលនយោបាយនានា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមលើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់។
ជាការឆ្លើយតប, ឯកឧត្តមឯកអគ្គរាជទូត និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ បានសម្តែងនូវ ចំណាប់អារម្មណ៍ខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទាំងនេះ ជាមួយនឹងសមិទ្ធផលជា រូបវ័ន្ត ដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ តាមរយៈព័ត៌មានយ៉ាងក្បោះក្បាយក្នុងជំនួបពិភាក្សានេះដែរ គណៈប្រតិភូ នឹងនាំយកជាមូលដ្ឋានបន្ថែម ក្នុងការវិភាគ ពិនិត្យលទ្ធភាព មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគក្នុងផ្នែកណាមួយនាពេល ខាងមុខ។
ជាកិច្ចបញ្ចប់ជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវសុឆន្ទៈ រួមក្នុងការ ពង្រឹងនិងពង្រីកចំណងមិត្តភាពការទូតរវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ដាណឺម៉ាក ឱ្យកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមមួយ កម្រិតទៀត៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦