ព័ត៌មាន
អង្គភាពស៊ីម៉ាក់បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលដើម្បីការងារបន្តឆ្នាំ២០២៥ និងរៀបចំប្រព័ន្ធទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ
(ភ្នំពេញ) នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ និងមានការចូលរួមពី សមាជិកនិងទីប្រឹក្សាក្រុមប្រឹក្សាភិបាលទាំងអស់ចំនួន១៣រូប។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ១.អនុម័តកំណត់ហេតុអង្គប្រជុំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ២. ត្រួតពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារប្រតិបត្តិការឆ្នាំ ២០២៤ និង៣.ត្រួតពិនិត្យ និងអនុម័តផែនការសមាហរណកម្មឆ្នាំ២០២៥។
យោងតាមលទ្ធផលរបាយការណ៍ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMACសម្រេចបានមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១០.៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧.៤២៣ហិកតា។ លទ្ធផលនេះសម្រេចបាន៦៥,៥៧% ធៀបនឹងផែនការប្រតិបត្តិការឆ្នាំ២០២៤ មានផ្ទៃដីសរុបចំនួន២៧.៤៣១ហិកតា។ កិច្ចប្រតិបត្តិការនេះរុករកឃើញនិងកម្ទេចចោលគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៩៦.៣៧១គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន១៤.០០២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៥៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន៨២.២១៤គ្រាប់ ព្រមទាំងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួន៤.០៦១ករណី។ ផ្អែកលើទិន្នន័យសេដ្ឋកិច្ចសង្គមឃើញថា ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយប្រយោលមានចំនួន៦៧៤.៦២៦គ្រួសារ។
អង្គភាពCMACក៏បានធ្វើការស្រាវជ្រាវព័ត៌មានគ្រាប់មីន និងគ្រាប់បែកចង្កោម&គ្រាប់បែកទម្លាក់ពីយន្ដហោះដោយក្រុមស្រាវជ្រាវព័ត៌មានរកឃើញចម្ការមីនចំនួន៤.៨០៩ហិកតា និងកំណត់ពហុកោណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្ដហោះបានចំនួន៤.៤៦៨ពហុកោណ ស្មើនឹងផ្ទៃដីចំនួន៦១៥.៧៤៦ហិកតា។
ដោយឡែកចំពោះការងារអប់រំយល់ដឹងពីមីននិងជួយសង្គ្រោះជនពិការដោយសារមីន ក៏សម្រេចបានលទ្ធ-ផលគួរឲ្យកត់សម្គាល់ ដោយបានផ្ដល់សារអប់រំដល់ក្រុមគោលដៅចំនួន២៥.១២៤លើក ស្មើនឹង១.១៨២.៥៥០ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន២.០៨៨.៣៣៧នាក់ និងបានផ្ដល់សេវាជួសជុលជើងសិប្បនិមិ្មតជូនជនពិការចំនួន១.៥២៨នាក់ ផ្ដល់ការហ្វឹកហ្វឺនបច្ចេកទេសកសិកម្មចំនួន២.០០៨នាក់ និងផ្ដល់ការអប់រំពីសុខុ-មាលភាពចំនួន២.៤៤៦នាក់។
ដោយឡែកការងារហ្វឹកហ្វឺននិងទំនាក់ទំនងអន្ដរជាតិ អង្គភាពបានផ្ដល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្រ្តីផ្ទៃក្នុង និងស្ថាប័នខាងក្រៅបានចំនួន៩០៨នាក់ និងបានបញ្ចូនមន្រ្តីទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេសដូចជា ប្រទេសជប៉ុន ស្វីស អេត្យូពី បូស្នៀ កូឡុំប៊ី ចិន វៀតណាម ថៃ និងអូស្រ្ដាលីជាដើមបានចំនួន៤៥នាក់។ ថ្មីៗនេះ អង្គភាពក៏បានបានហ្វឹកហ្វឺនពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ដល់អ្នកជំនាញសកម្មភាពមីនមកពីបណ្ដាប្រទេសមួយចំនួនដូចជា កូឡុំប៊ី អ៊ុយក្រែន ហ្សក់ដង់ អាហ្សាបៃហ្សង់ ស៊ូដង់ខាងត្បូង សូម៉ាលី និងអេត្យូពីជាដើម។
ដោយឡែកចំពោះផែនការសមាហរណកម្មឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិវិស័យមីនរបស់រាជរដ្ឋាភិបាលអណត្តិទី៧ (២០២៣-២០២៨) ស្តីពីកម្ពុជាគ្មានមីនប្រឆាំងមនុស្សឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាអតិបរិមា និងយុទ្ធសាស្រ្តមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឆ្នាំ ២០១៩-២០២៥ អង្គភាពCMACបានដាក់ចេញនូវបេសកកម្មសំខាន់ៗរួមមាន៖
១. ធ្វើការបោសសម្អាតតំបន់រងការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់សំណល់សង្គ្រាមចំនួន១៩២គីឡូម៉ែត្រក្រឡា។
២. ធ្វើការអប់រំនិងកាត់បន្ថយគ្រោះថ្នាក់មីន/ស.ផ.ស (សំណល់យុទ្ធភណ្ឌសង្គ្រាម) ជូនដល់ប្រជាពលរដ្ឋចំនួនប្រមាណ១.៨លាន ទៅ២លាននាក់។
៣. បន្ដធ្វើការស្រាវជ្រាវចម្ការមីនគ្រប់ជ្រុងជ្រោយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការស្រាវជ្រាវគ្រាប់ បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះដែលត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ និងរៀបចំប្រព័ន្ធទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ។
៤. ពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌអង្គភាពនិងជាតិ ព្រមទាំងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈផ្ដល់ការហ្វឹកហ្វឺនជំនាញដល់បណ្តាប្រទេសទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕
អត្ថបទ.ភារម្យ







-
ព័ត៌មាន6 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន6 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥