ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «សុខភាព និងសុខុមាលភាពស្រ្តី ជារឿងសំខាន់ ដែលជាកម្លាំងចលករមួយមិនអាចខ្វះបាន»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី”, នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” នេះ គឺពិតជាបានបង្ហាញជាភស្តុតាង នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រី នៅប្រទេសកម្ពុជា។ តាមរយៈការផ្តល់ពិន្ទុលើសូចនាករសំខាន់ៗ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ស្រ្តី ដែលរួមមានអត្រាកាត់បន្ថយអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ឬ ផ្លូវភេទទៅលើស្រ្តី អត្រានៃការឆ្លងនៃជំងឺអេដស៍ អត្រាការប្រើប្រាស់សេវានៃការថែទាំមុនពេលសម្រាល និងសូចនាករគន្លឹះផ្សេងៗទៀត បង្ហាញច្បាស់ពីភាពរីកចម្រើនរបស់កម្ពុជា លើវិស័យសុខាភិបាល ក៏ដូចវិស័យផ្សេងៗទៀត ដោយកម្ពុជាទទួលបានលទ្ធផលល្អ លើវិមាត្រសុខភាព ការប្រើប្រាស់សេវា និងវិមាត្រអាហាររូបត្ថម្ភ បើប្រៀបធៀបទៅនឹងប្រទេសនានា នៅតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងប្រទេសជុំវិញតំបន់ប៉ាស៊ីហ្វិក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធ ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្តី្រ និងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។ ទន្ទឹមនឹងនេះដែរ ក៏មានកត្តាប្រឈមមួយចំនួន លើការលើកកម្ពស់សុខភាព និងសុខុមាលភាពស្រ្តី ដែលតម្រូវឱ្យត្រូវបន្តខិតខំបន្ថែមទៀត។ ដើម្បីចូលរួមជាធាតុចូល ក្នុងដំណោះស្រាយទាំងក្នុងពេលបន្ទាន់ និងក្នុងពេលវែងទៅមុខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
1-បន្តធ្វើការសិក្សាជាសកលស្វែងយល់ អំពីកត្តាជោគជ័យ និងបរាជ័យពីប្រទេសផ្សេងៗ ដើម្បីយកបទពិសោធន៍ទាំងនោះ មករៀបចំយុទ្ធសាស្រ្ត ឱ្យស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសយើង (Global learning and Local Adaptation)។
2-បន្តពង្រឹងយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទំនាក់ទំនងឱ្យបានច្បាស់លាស់ និងមានគោលដៅជាក់លាក់ (Clear and targeted communication) នូវរាល់គោលដៅ គោលនយោបាយ (policy objectives)។
3-ជំរុញបន្ថែម ក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការលើកកំពស់គុណភាព នៃការផ្តល់សេវាសាធារណៈ (Infrastructure and Public Service Enhancement)។
4-បង្កើនការចុះផ្ទាល់ដល់សហគមន៍ និងអូសទាញការចូលរួមរបស់សហគមន៍ (Community outreach and engagement) ដើម្បីជំរុញការផ្តល់ធនធានគ្រប់គ្រាន់ ជាពិសេសសម្រាប់សហគមន៍ និងស្ត្រីនៅតំបន់ដាច់ស្រយាល។
5-ពង្រឹងប្រព័ន្ធរាយការណ៍ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព (Effective reporting and Evaluation system) តាមរយៈការពង្រឹងយន្តការតាមដាន និងរាយការណ៍ជាប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ និងដោះស្រាយរាល់ឧបសគ្គ ក្នុងការអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
6-ប្រើប្រាស់នូវអភិក្រម សមាហរណកម្ម វិធីសាស្រ្ត លើគ្រប់វិមាត្រ និងវដ្តជីវិត (Integrated approach across dimensions and life stages) ដើម្បីដោះស្រាយកត្តាប្រឈមផ្សេងៗ ទាក់ទងនឹងសុខភាព សុខុមាលភាពរបស់ស្រ្តី និងការពង្រឹងសិទ្ធិរបស់ស្រ្តីជាដើម។។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី ស្ថាប័ន អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការសិក្សាស្រាវជ្រាវនេះ រហូតទទួលបានលទ្ធផលល្អប្រសើរ ដែលប្រយោជន៍សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយនានានៅពេលអនាគត ដើម្បីធ្វើឱ្យស្រ្តីកម្ពុជា ក៏ដូចជាប្រជាជនទាំងអស់ មានសុខភាព និងសុខុមាលភាព កាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានសំដែងនូវការអបអរសាទរ ដែលប្រទេសកម្ពុជាទទួលបានលទ្ធផលល្អក្នុងវិស័យសុខភាព និងសុខុមាលភាពរបស់ស្រ្តី ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងត្រូវបានជ្រើសរើសជាប្រទេសគំរូ ក្នុងគម្រោងស្រាវជ្រាវ។ លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព។
សូមបញ្ជាក់ផងដែរថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងសុខាភិបាល លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកសាស្រ្តាចារ្យជាន់ខ្ពស់ Distinghished Professor Zulfiqar Bhutta, ប្រធានស្ថាបនិក នៃវិទ្យាស្ថានសុខភាពសកល នៃសាកលវិទ្យាល័យ Aga Khan និងមន្ទីរពេទ្យកុមារ SickKids នៃប្រទេសកាណាដា និងលោកស្រីសាស្រ្តាចារ្យ Shreelata Roa Seshadri, នាយិកា មជ្ឈមណ្ឌល Ramalingaswami នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍ និងនិស្សិត និងប្រព័ន្ធ Zoom ជាប្រធានកម្មវិធីគាំពារមាតានិងទារក រាជធានី-ខេត្ត៕
អត្ថបទ៖រដ្ឋា

-
ព័ត៌មាន5 days ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន4 days ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
ព័ត៌មាន1 week ago
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អនុវត្តការងារថែទាំផ្លូវជាតិលេខ៦២ ប្រវែងជាង២០១គីឡូម៉ែត្រ ដើម្បីសុវត្ថិភាពចរាចរណ៍
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន2 days ago
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន
-
ព័ត៌មាន1 week ago
បទវិភាគ៖ «ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិ គឺជាឱកាសមាស សម្រាប់កម្ពុជា»
-
ព័ត៌មាន3 days ago
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ