ព័ត៌មាន
ប្រមុខការទូតកម្ពុជា ណែនាំមន្រ្តីឱ្យពង្រឹងសមត្ថភាពស្របតាមបរិវត្តកម្មដើម្បីប្រសិទ្ធភាពការងារ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់មន្រ្តីឱ្យពង្រឹងសមត្ថភាពស្របតាមបរិវត្តកម្មដើម្បីប្រសិទ្ធភាពការងារ។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងការបរទេស។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សមិទ្ធផលធំៗជាច្រើនក្នុងវិស័យការទូតដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា មិនខុសពីឆ្នាំមុនៗឡើយ ដើម្បីបន្ថែមពុទ្ធិថ្មីៗដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងការបរទេសបានអញ្ជើញវាគ្មិនមកធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗសម្រាប់ការងារការទូតជូនមន្រ្តីទាំងអស់។
ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា តាមរយៈបទបង្ហាញត្រូវផ្តោតលើកិច្ចការ រួមមាន កាលានុវត្តភាពវិនិយោគនៅកម្ពុជា, យុទ្ធសាស្ត្រជំរុញវិស័យ ទេសចរណ៍កម្ពុជា និងការកសាងទិន្នន័យអេឡិចត្រូនិច។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ប្រធានបទទាំងបីខាងលើ មានសារៈសំខាន់ ក្នុងបរិបទដែលកម្ពុជាមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ មានឱកាស និងលក្ខណៈសម្បត្តិពេញលេញ សម្រាប់ការទាក់ទាញវិនិយោគិន ទេសចរបរទេសមកវិនិយោគ និងទស្សនាកម្ពុជា ដើម្បីរកទីផ្សារឱ្យផលិតផលខ្មែរ ក៏ដូចជាការត្រៀមខ្លួនឲ្យបានល្អ ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីបរិវត្តកម្មយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេសក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។ ការណ៍នេះ ក៏រួមចំណែកម៉្យាងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាព សង្គម និងម៉្យាងទៀតបង្កើនប្រសិទ្ធភាពការងារ។
ក្រៅពីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា ខណៈពេលដែលកម្ពុជាខិតខំផ្តោតការយកចិត្តទុកដាក់លើកិច្ចការអន្តរជាតិដ៏ស្មុគស្មាញ ប៉ុន្តែក៏មិនត្រូវភ្លេចពីការដ្ឋានកំណែទម្រង់ស្ថាប័នទាំងក្នុងក្រសួង និងនៅតាមបណ្តាស្ថានបេសកកម្មនៅបរទេសនោះដែរ។
ជុំវិញបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា ការធ្វើកំណែទម្រង់ជាការងារដែលត្រូវធ្វើជាប្រចាំ និងចេះបត់បែនទាំងខាងចំណេះដឹង ការភ្ជាប់សភាពការណ៍ និងការយល់ដឹងពីការប្រឈម ដែលត្រូវជំនះឱ្យស្របទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិន្នាការពិភពលោក។ លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ក្រសួងនឹងធ្វើការពិភាក្សា និងរិះរកវិធានការចាំបាច់នានា ដើម្បីប្រែក្លាយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកការទូតរបស់ទាំងអស់ទៅជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីដើរតួនាទីជាទ័ពជួរមុខលើសមរភូមិការទូត ក្នុងបេសកកម្មការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជនលើឆាកអន្តរជាតិ៕





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា