ព័ត៌មាន
តំណាងក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញបើកការរដ្ឋានសាងសង់ផ្លូវនិងលូក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង
ពោធិ៍សាត់៖ ឯកឧត្តមរដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសចំនួន១ខ្សែ និងលូ១៨កន្លែង នៅក្នុងដីសម្បទានសង្គមកិច្ចដំណាក់ទ្រយឹង ស្ថិតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះមានការចូលរួមផងដែរពី ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ ចាន់ឡា តំណាងកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប នាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបប្រមាណ២០០នាក់ ។
ផ្លូវដែលបើកការដ្ឋានសាងសង់ក្នុងពេលនេះប្រវែង៤០០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចំពោះការសាងសង់លូចំនួន១៨កន្លែងរួមមាន លូមូលគ្រប់ប្រភេទចំនួន១២កន្លែង និងលូប្រអប់ចំនួន៦កន្លែង ដោយប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនិវត្តន៍គម្រោងដោយកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ។
លោក ហេង សុភាណា ក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបន្តអភិវឌ្ឍន៍និងផ្តល់ជូននូវសមិទ្ធផលនានាជាបន្តបន្ទាប់ ។ ដូចនេះលោកសូមឱ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបន្តខិតខំដាំដុះដំណាំផ្សេងៗ និងចិញ្ជឹមសត្វ ដើម្បីជីវភាពកាន់តែល្អប្រសើរ កុំទុកដីដែលទទួលបានឱ្យទំនេរចោល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ គោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងសេចក្តីនឹករឭក ព្រមទាំងពរសព្វសាធុការរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនាផ្លូវ ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន និងដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវ និងអ្នករស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយ យថាហេតុណាមួយ ។
គួរជម្រាបជូនថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ក្រោមការផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី។ បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតែងតែចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡាបំភ្លឺផ្លូវ សាងសង់ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារ ទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមានរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ ៕










-
ព័ត៌មាន6 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS1 day agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ