ព័ត៌មាន
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ វត្តមានសម្តេចប្រធានរដ្ឋសភាក្នុងពិធីអបអសាទរទិវាអន្តរជាតិនារីជាការលើកទឹកចិត្ត បណ្តុះគំនិត បណ្តុះក្តីសង្ឃឹមនិងជំរុញការផ្លាស់ប្តូរគំនិតរឹតត្បិតក្នុងសង្គមចំពោះស្រ្តី
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សម្តេចប្រធានរដ្ឋសភាតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពការងារនិងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូប។ សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូបដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតានិងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់សន្តោសប្រណី ដល់កូនគ្រប់ប្រាណ ស្មើៗគ្នា ហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរដ្ឋសភាស្តីទី បានមានប្រសាសន៍បែបនេះ នៅក្នុងសន្ទរកថាស្វាគមន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចនៅក្នុងពិធីនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាសក្ខីភាពយ៉ាងប្រត្យក្ស បង្ហាញពីការគិតគូរបស់សម្តេចចំពោះសុខទុក្ខនិងជីវភាពរបស់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសមន្រ្តីជានារី។ វត្តមានរបស់សម្តេចប្រធានរដ្ឋសភា ក៏ជាការលើកទឹកចចិត្តបណ្តុះគំនិត បណ្តុះក្តីសង្ឃឹមនិងជំរុញការផ្លាស់ប្តូរគំនិតរឹតត្បិតក្នុងសង្គមចំពោះស្រ្តីក្នុងតួនាទីដឹកនាំ ការចូលរួមក្នុងឆាកនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្ត ហើយជន្នះនិងលុបបំបាត់ផ្នត់គំនិតចាស់គំរឹលដែលថា ស្រ្តីបង្វិលជើងក្រានមិនជុំ ជាដើមនោះ។ បើមានឱកាសស្រ្តីក៏អាចធ្វើបានល្អដូចបុរស ហើយការងារខ្លះអាចធ្វើបានល្អជាងបុរសទៅទៀត។
ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា ជាងនេះទៅទៀត សម្តេចមហារដ្ឋសភាធិការធិបតី មិនត្រឹមជានិមិត្តរូបក្នុងសង្គជាតិកម្ពុជាប៉ុណ្ណោះទេ សម្តេចជាគំរូសម្រាប់ស្រ្តីនិងកុមារីគ្រប់រូបក្នុងតំបន់និងជាសកលផងដែរ ដូចអ្វីដែលថ្នាក់ដឹកនាំនិងគណៈប្រតិភូជាតិនិងអន្តរជាតិ តែងតែលើកឡើងនៅក្នុងជំនួបនានាជាមួយសម្តេច ដោយបានស្ញប់ស្ញែងនិងកោតសរសើរចំពោះស្នាដៃ គិតបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ជំនាញការទូតសភាដ៏ប៉ិនប្រសប់និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច។
សូមជម្រាបថានៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋសភា បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាជានារី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ សន្តិភាពនៅកម្ពុជាបាននាំមកជូនពលរដ្ឋដោយពលីកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងការពារថែរក្សាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដែលបានផ្ដល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»៕
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា