ព័ត៌មាន
ទិវាអន្តរជាតិនារី៖ កម្មការិនីអរគុណរាជរដ្ឋាភិបាល បានបន្តផ្តល់កិច្ចគាំពារ និងអត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ
ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ក្រុមកម្មការនីរោងចក្រ បានបង្ហាញការអបអរសាទរ និងសម្តែងការអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីនិយោជក ដែលរហូតមកដល់នេះតែងតែយកចិត្តទុកដាក់ និងឲ្យតម្លៃជានិច្ចទៅដល់ស្រ្តីក្នុងវិស័យការងាររោងចក្រ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀត។
អ្នកស្រី នីម ថាវី សមាជិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៧ ខែមីនា បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ ស្រ្តីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មិនថាទាំងឱកាសការងារ និងកិច្ចគាំពារសង្គមទេ ស្រ្តីតែងត្រូវបានគិតគូរជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ។ អ្នកស្រី បានបន្តថា ក្រៅតែពីអត្ថប្រយោជន៍ ស្រ្តីនៅក្នុងវិស័យកាត់ដេរតែងទទួលបានភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល មានដូចជា ការចុះសួរសុខទុក្ខកម្មករនិយោជិត ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវបានទទួលបានការឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលផ្ទាល់មកទល់បច្ចុប្បន្នផងដែរ។
ដោយឡែក ក្រុមកម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុន ជា វៃ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា សព្វថ្ងៃនេះ ទាំងការរស់នៅ ការនិយាយស្តី និងការបំពេញការងារ គឺពោរពេញទៅដោយសេចក្តីសប្បាយរីករាយ ដោយមិនមានការរើសអើងពីសំណាក់ក្រុមបុរសនោះទេ។ ក្រុមកម្មការិនី បានសម្តែងការអរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈការដាក់ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និងសម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។ ឯកឧត្តម បានបន្ថែមថា ស្ត្រីជាចំណែកដ៏សំខាន់មួយនៃការកសាងអរិយធម៌កម្ពុជា និងវឌ្ឍនភាពនៃសង្គម ដោយក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីកម្ពុជាក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់យើងទាំងអស់គ្នា។
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានស្ត្រីជាច្រើនកំពុងតែបម្រើការងារស្ទើរគ្រប់វិស័យ ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតសរុបប្រមាណ ៩២ម៉ឺននាក់ ក្នុងនោះមានស្ត្រីចំនួនប្រមាណ ៧០ម៉ឺននាក់ ស្មើនឹងប្រមាណជាង ៧៦ភាគរយ។ នៅក្រៅវិស័យកាត់ដេរ ក្នុងចំណោម កម្មករនិយោជិតសរុបជាង ៩០ម៉ឺននាក់ មានស្ត្រីប្រមាណ ៣៧ម៉ឺននាក់ ស្មើនឹង ៤១ភាគរយ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧