ព័ត៌មាន
រឿងរ៉ាវស្នើរសុំដកមេភូមិព្រែកតាគង់១ ត្រូវបានបញ្ចប់ ដោយអាជ្ញាធរអញ្ជើញពលរដ្ឋមកពន្យល់អំពីតួនាទីមេភូមិ និងនីតិវិធី
ភ្នំពេញ៖ រឿងរ៉ាវស្នើរសុំដកដំណែងមេភូមិព្រែកតាគង់១ ជាភូមិចំណុចសង្កាត់ចាក់អង្រែលើ នៃខណ្ឌមានជ័យ ត្រូវបានបញ្ចប់ទៅវិញហើយ ដោយអាជ្ញាធរបានអញ្ជើញបងប្អូនប្រជាពលរដ្ឋមកពន្យល់អំពីនីតិវិធីឱ្យបានច្បាស់លាស់ លើការដក ឬដាក់ដំណែងរបស់មេភូមិនីមួយៗ ។
កាលពីរសៀលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌមានជ័យ បានកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋឱ្យមកសាលាខណ្ឌមានជ័យ ដើម្បីធ្វើបទបង្ហាញ និងពន្យល់ឱ្យបានច្បាស់ លើតួនាទី និងភារកិច្ចរបស់មេភូមិ ក្រោយពលរដ្ឋមានការអាក់អន់ស្រពោនចិត្តជាមួយលោកឡុង ហឿន ប្រធានភូមិព្រែកតាគង់១ រហូតមានការផ្តិតមេដៃស្នើរសុំដកដំណែង ដោយសារតែលើកហេតុផលថា លោកមេភូមិមិនសូវខ្វល់ខ្វាយជាមួយពលរដ្ឋ ពិសេសការបង្ក្រាបល្បែងស៊ីសង , ក្មេងទំនើង និងគ្រឿងញៀនជាដើម ។
វេទិការជួបគ្នាដើម្បី ពន្យល់ណែនាំ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមវត្តមានលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងដោយមានការចូលរួមពីលោកអធិការ , លោកមេបញ្ជាការកងរាជអាវុធហត្ថ , លោកចៅសង្កាត់ចាក់អង្រែលើ និងអស់លោកលោកស្រីមន្ត្រីជំនាញ រួមទាំងបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ផងដែរ ។
លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឱ្យដឹងថា ក្នុងមេភូមិម្នាក់ៗ មុនជាប់ជាភូមិបាន ត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសរើសពីសំណាក់សមាជិកក្រុមប្រឹក្សាសង្កាត់ ដោយបេក្ខភាពមេភូមិរូបនោះត្រូវជាប្រជាជនដែលរស់នៅក្នុងតំបន់នោះ , មានសញ្ចាតិខ្មែរ , មានអាយុលើសពី២៥ និងមានលំនៅឋានអចិន្ត្រៃយ៍ច្រើនជាង៦ខែនៅភូមិឋាននោះ ទើបអាចឋិតក្នុងការបោះឆ្នោតជ្រើសរើសជាមេភូមិបាន ។
ចំពោះការត្រូវបាត់បង់តួនាទីជាមេភូមិទៅវិញ គឺដោយសារកត្តា ៖ មរណះភាព , លាឈប់ , បាត់បង់សតិ ឬកាយសម្បទា ដោយមានការបញ្ជាក់មន្ទីរពេទ្យ , ត្រូវបានតុលាការផ្តន្ទាទោស ពីបទល្មើសឧក្រិដ្ឋ , មានទីលំនៅនៅភូមិផ្សេង , មានកំហុសឆ្គងការងារមិនស្តាប់តាមការណែនាំ ទើបត្រូវបញ្ឈប់ដំណែងដោយក្រុមប្រឹក្សាសង្កាត់ ។
លោកចៅសង្កាត់បន្ថែមថា មេភូមិ គឺជាសេនាធិការរបស់អាជ្ញាធរសង្កាត់ ដោយលោជាភ្នែកជាច្រមុះ ក្នុងការទទួលដឹងលឺពីបញ្ហា និងសុខទុក្ខនានារបស់ពលរដ្ឋ ប៉ុន្តែលោកពុំមានសមត្ថកិច្ច ឬសិទ្ធិអំណាចណាមួយ ដើម្បីដោះស្រាយជូនពលរដ្ឋនោះឡើយ លើកលែងតែរឿងនោះជារឿងតូចតាចបំផុត ហើយជារឿងដែលអាចចចារដោយផ្ទាល់មាត់ ទើបលោកមានសិទ្ធិក្នុងការសម្របសម្រួល ។ ក្រៅពីនោះ លោកត្រូវចាំបាច់រាយការណ៍បន្តមកកាន់អាជ្ញាធរថ្នាក់លើ ដែលជារដ្ឋអំណាចមានសមត្ថកិច្ចក្នុងដៃ ដើម្បីទៅអន្តរាគន៍ ឬដោះស្រាយចំពោះបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលកំពុងកើតមាន ឬកំពុងជួបប្រទះ ។
ក្នុងពិធីនោះ បងប្អូនប្រជាពលរដ្ឋ បានទទួលជ្រាបកាន់តែច្បាស់ អំពីការពន្យល់ណែនាំរបស់អាជ្ញាធរ ប៉ុន្តែពួកគាត់បានលើកឡើងជាសំណើរសំណូមពរជាច្រើនទៅកាន់អាជ្ញាធរដើម្បីជួយដោះស្រាយ លើបញ្ហាដែលពួកគាត់កំពុងជួបប្រទះ មានដូចជាបញ្ហាផ្លូវ , បញ្ហាភ្លើង , គ្រឿងញៀន និងបញ្ហាអសន្តិសុខនានា ដែលឧស្សាហ៍កើតមាន ។ ពិសេសពួកគាត់ស្នើរឱ្យលោកមេភូមិ បន្តយកចិត្តទុកដាក់ និងនៅឱ្យគៀកកើយស្និទ្ធិស្នាលជាមួយពួកគាត់ឱ្យបានច្រើន ដើម្បីពួកគាត់ទទួលបានភាពកក់ក្តៅ ងាយផ្តល់ព័ត៌មានផ្សេងៗ ។
ក្នុងឱកាសដដែល លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឡើងមានមតិទទួលយកសំណើរសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ ដោយលោកក៏សុំការអភ័យទោស និងអាធ្យាស្រ័យ ចំពោះការចន្លោះប្រហោងតិចតួច ក្នុងការបម្រើបងប្អូន ។ លោកអភិបាលបានបញ្ជាក់ថា ការដកដាក់មេភូមិ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ , របស់រដ្ឋបាលរាជធានី ឬសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌឡើយ វាជាសមត្ថកិច្ចតែមួយគត់របស់ក្រុមប្រឹក្សាសង្កាត់ ដែលជាមូលមតិជាឯកច្ឆន្ទ ដើម្បីជ្រើសតាំងតែប៉ុណ្ណោះ ។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេសគណះបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចាក់អង្រែលើ ឱ្យសហការគ្នា ចុះជាប់លាប់ជាប្រចាំនៅតំបន់ភូមិព្រែកតាគង់១ខាងលើ ដើម្បីបង្ការទប់ស្កាត់បទល្មើសកុំឱ្យកើតមាន ក្នុងគោលដៅធានារក្សាបានសន្តិសុខសុវត្ថិភាពល្អជូនពលរដ្ឋនៅតំបន់នោះ ពិសេសត្រូវរងចាំទទួលព័ត៌មានជាប្រចាំរាល់ពេលមានទុក្ខកង្វល់របស់ពលរដ្ឋ ដែលមានតម្រូវការចំបាច់ ឱ្យអាជ្ញាធរចុះទៅធ្វើការដោះស្រាយជូនពួកគាត់ ពេលពួកគាត់ជួបបញ្ហា ៕ លីហេង








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង