ព័ត៌មាន
ក្នុងមួយឆ្នាំកម្ពុជាត្រូវការឈាមជាង១៨ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមបន្ទាន់
មជ្ឈមណ្ឌលផ្ដល់ឈាម នៃក្រសួងសុខាភិបាលបានឲ្យដឹងថា តម្រូវការឈាមក្នុងប្រទេសកម្ពុជា គឺមានតម្រូវការក្នុងរង្វង់១ភាគរយ នៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស។ ជាក់ស្ដែងប្រទេសកម្ពុជាមានតម្រូវការឈាមក្នុងមួយឆ្នាំប្រមាណជាង១៨ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្សពេលដែលត្រូវការឈាមបន្ទាន់។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅក្នុងឱកាសនៃការទទួលឈាមពីអ្នកបរិច្ចាកឈាម នៃបុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលបានស្ម័គ្រចិត្តបរិច្ចាកឈាមចំនួន ៧០នាក់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន បើគិតពីចំនួនប្រជាជនធៀបជាមួយនឹងតម្រូវការឈាម គឺកម្ពុជាត្រូវការឈាមចំនួន ១៨ម៉ឺនកំប្លោក ក្នុងមួយឆ្នាំ ។ នៅជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមទៅអ្នកជំងឺបានជាង ១៧ម៉ឺនកំប្លោកហើយ ក្នុង១ឆ្នាំ ដែលស្មើនឹង ៩០% នៃតម្រូវការសរុប ។ ហើយចំនួនឈាមដែលមជ្ឈមណ្ឌលជាតិទទួលបានទាំងនោះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត មើក សាមាន បញ្ជាក់ថា គឺទទួលបានមកពីអ្នកស្ម័គ្រចិត្តផ្តល់ឈាមចំនួន ២៣% និងទទួលពីការផ្តល់ឈាមតាមរយៈការប្តូរចំនួន ៧៧%។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា៖ «ជាទូទៅតម្រូវការឈាមក្នុងប្រទេសកម្ពុជាផ្ដោតសំខាន់ និងចម្បងជាងគេគឺទៅលើស្រ្ដីឆ្លងទន្លេប្រកបដោយគ្រោះថ្នាក់ អ្នកគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺវះកាត់ និងការត្រៀមមុនការវះកាត់តាមបច្ចេកវិទ្យាទំនើប ជាពិសេសតម្រូវការឈាមបន្ទាន់មុនការវះកាត់ដូចជាជំងឺក្រពះ ពោះវៀន ជំងឺខ្សោយតម្រង់នោម និងជំងឺសង្គ្រោះបន្ទាន់ដទៃទៀតដូចជាការវះកាត់ខួរក្បាល និងបេះដូងជាដើម»។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានអះអាងដែរថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដនៅក្នុងប្រទេសកម្ពុជាំគឺមានប្រមាណតែ២៣ភាគរយតែប៉ុណ្ណោះ ដូច្នេះហើយទើបតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឲ្យបានច្រើនបន្ថែមទៀត។

ចំណែកលោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប និងជានាយកស្នាក់ការកណ្ដាល ដែលបានដឹកនាំក្រុមបុគ្គលិកផ្ដល់ឈាមនៅថ្ងៃនេះបានលើកឡើងថា នេះជាលើកដំបូងដែលបុគ្គលិកក្រុមហ៊ុនបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ ហើយលោកសង្ឃឹមថា លោកនឹងធ្វើការអំពាវនាវឲ្យបុគ្គលិកផ្សេងទៀតដើមចូលរួមបរិច្ចាកឈាមលើកទី២ និងលើកបន្តបន្ទាប់ទៀតនាពេលខាងមុខ។

លោកបានបន្តទៀតថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនេះគឺក្នុងគោលដៅជួយដល់ប្រជាជនកម្ពុជាដែលមានការខ្វះខាតឈាមដូចជាការជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬការវះកាត់ផ្សេងៗដែលត្រូវការឈាមដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនានាដែលត្រូវការឈាម សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសចង់ជំរុញលើកទឹកចិត្ដដល់អ្នកចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីយកទៅផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

យោងតាមអ្នកជំនាញ ការបរិច្ចាគឈាម គឺមិនមានគ្រោះថ្នាក់អ្វីទាំងអស់ ហើយមនុស្សគ្រប់រូបដែលមានសុខភាពល្អ និងស្ថិតនៅចន្លោះអាយុអាចបូបឈាមចេញបាន អាចស្ម័គ្រចិត្តបរិច្ចាកឈាមបានមួយឆ្នាំ ៣ដង ចំ ពោះស្រ្តី និង៤ដង ចំពោះបុរស ដែលនឹងធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនមនុស្សអាចសង្គ្រោះបាន និងមានសុវត្ថិភាពបំផុត ថែមទាំងបានជួយសុខភាពខ្លួនឯងផង រួមទាំងជួយជីវិតអ្នកដទៃផង ហើយទាំងនេះ គឺជាមូលហេតុដែលនាំឲ្យគេបង្កើតជាពាក្យស្លោកមួយទៀតថា «ខ្ញុំផ្តល់ឈាមថ្ងៃនេះ សុវត្ថិភាពឈាមសម្រាប់យើងទាំងអស់គ្នា»៕








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន