ព័ត៌មាន
សហជីព៖ គោលនយោបាយរបស់រដ្ឋលើការសាងសង់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត
ភ្នំពេញ៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់លើយន្តការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់លើការអនុវត្តជាក់ស្តែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជកដែលបានធ្វើការជាមួយគ្នារហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករជាបណ្តើរៗហើយនៅដើមឆ្នាំ២០២៥។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីពសូមស្វាគមន៍នូវយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលនយោបាយដែលមានភាពច្បាស់លាស់លើការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រសហគ្រាស។ លោកវាយតម្លៃខ្ពស់ចំពោះការបានអនុវត្តជាក់ស្តែង ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករនិយោជិតនាពេលថ្មីៗនេះ។
ប្រធានសហភាពការងារកម្ពុជារូបនេះ បានបន្ថែមថា ក្នុងនាមសហជីពលើកទឹកចិត្តឱ្យទារកដ្ឋានទាំងអស់បន្តពង្រឹងការថែទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាពអំឡុងពេលទារកស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ និងតាមដានការអនុវត្តឱ្យបានហ្មតចត់លើទារកដ្ឋានដែលដាក់ឱ្យដំណើរការ ដើម្បីកុំឱ្យមានការខ្វះចន្លោះលើកត្តាថែទាំណាមួយកើតឡើង ធ្វើឱ្យប៉ះពាល់ទារក។
ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបង្ហាញការគាំទ្រលើយន្តការរបស់រាជរដ្ឋាភិបាលក្នុងការសាងសាងទារកដ្ឋាន និងបានលើកឡើងថាការសាងសង់ទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស ក៏ដូចជាតំបន់រោងចក្រនោះគឺផ្តល់គុណប្រយោជន៍ជាច្រើន ជាពិសេសកម្មករនិយោជិត។ លោកបានបន្តថា ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតមានការវាយតម្លៃខ្ពស់លើការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស នាពេលថ្មីៗនេះ ដើម្បីជាឧត្តមប្រយោជន៍ និងបង្កភាពងាយស្រួលដល់កម្មករនិយោជិត។ កម្មករនិយោជិតនឹងអាចចំណេញថវិកាមួយចំនួនពីការមើលថែទាំទារក, កម្មករអាចដាក់កូនរបស់ខ្លួនក្នុងទារកដ្ឋានដែលមានការថែទាំល្អ និងសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការសាងសង់ទារកដ្ឋាននេះគឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាលអនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។
គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕






-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥