ព័ត៌មាន
ពលរដ្ឋ និងសហជីពនៅកម្ពុជាអំពាវនាវឱ្យក្រុមជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។
លោក ឃុន រតនា ប្រជាពលរដ្ឋរស់នៅខេត្តកំពតបាននិយាយថា៖«ខ្ញុំមិនចង់ឃើញសង្រ្គាមរវាងកម្ពុជា និងថៃដូចកាលពីឆ្នាំ ២០០៨នៅប្រាសាទព្រះវិហារនោះទេ ព្រោះនឹងធ្វើឱ្យប៉ះពាល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងបង្កការលំបាកដល់ប្រជាពលរដ្ឋទាំងសងខាង ហើយថែមបង្កឱ្យមានប្រជាពលស្លាប់ និងរបួសទៀតផង»។
លោកមិនគាំទ្រសកម្មភាពរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលកំពុងតែញុះញង់ប្រជាពលរដ្ឋឱ្យងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការទាញភ្ជាប់បញ្ហាព្រំដែនកម្ពុជា និងថៃនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតកុំចូលរួមពាក់ព័ន្ធសកម្មភាពណាដែលមិនមែនជាផលប្រយោជន៍ជាតិ។
លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ម្ដងហើយម្ដងទៀតជុំវិញការពារបូរណភាពទឹកដី និងការពារអធិបតេយ្យភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំយើងបានធានាអះអាងចំពោះប្រជាជាតិទាំងមូលរួចហើយ។ ដូច្នេះការចរចាគ្នាជាជម្រើសដ៏ល្អបំផុត ដើម្បីបញ្ជៀសការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ»។
លោកបានប្រកាសគាំទ្រចំណាត់ការចរចាដោយសន្ដិវិធី ប៉ុន្ដែលោកមិនគាំទ្រសកម្មភាពក្រុមជ្រុលនិយមទាំងនេះបានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិតក្នុងការយកលេសការពារព្រំដែន ការពារទឹកដីកម្ពុជា។
លោក ទុយ កុសល ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា៖«ក្រុមជ្រុលនិយមមិនទាន់បោះបង់គំនិតបង្កព្យសនកម្មធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ និងចលាចលដល់ប្រជាពលរដ្ឋនោះទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់អំពើខុសច្បាប់ដែរ គឺពួកគេមានចេតនាបំផ្លាញប្រទេសជាតិខ្លួនឯង»។
លោកបានអំពាវនាវប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសកុំចូលរួមសកម្មភាពខុសច្បាប់តាមរយៈបញ្ហាព្រំដែន ដោយសាររាជរដ្ឋាភិបាលកំពុងបន្តការងារចរចាជាមួយភាពពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមរម្យ និងមានសន្ដិភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។
លោក សាត សុគន្ធ ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល៖«ខ្ញុំជឿជាក់ទៅលើដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយស្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះការដឹកនាំរបស់សម្ដេច គឺនឹងមានដំណោះស្រាយល្អជាមួយប្រទេសជិតខាងដោយមិនមានសង្រ្គាម»។
ចំណែកលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំសូមជឿជាក់ទៅលើរាជរដ្ឋាភិបាល ព្រោះការដឹកនាំរបស់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេសជាតិរីកចម្រើនថែមទៀត ជាពិសេសសម្ដេចបានរក្សាស្ថិរភាពនយោបាយបានយ៉ាងល្អ និងបន្តការអភិវឌ្ឍន៍ថែមទៀត»។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង ជាពិសេសជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ»។
លោកបន្ថែមថា ក្រុមប្រឆាំងនៅក្រៅប្រទេសទាំងនោះទទួលការបរាជ័យយ៉ាងខ្លាំងតាមរយៈការបាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំសង្កេតឃើញថា គោលដៅរបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់»។
ដូច្នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងឱ្យឆ្ងាយពីការចូលរួមសកម្មភាពខុសច្បាប់ និងបង្កចលាចលនៅក្នុងសង្គម ព្រោះទង្វើទាំងអស់នេះមិនមែនជាផលប្រយោជន៍ប្រទេសជាតិនោះទេ។ ក្នុងនាមលោកជាប្រជាពលរដ្ឋត្រូវការសន្តិភាព ព្រោះសន្តិភាពនាំមកការអភិវឌ្ឍន៍ សន្តិភាពនាំមកនៅសេចក្តីសុខសាន្តជូនជាតិ និងប្រជាជនខ្មែរគ្រប់ទីកន្លែង៕







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង