ព័ត៌មាន
ស៊ីម៉ាក់ និង JICA បើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីស៊ីម៉ាក់លើជំនាញប្រើប្រាស់គ្រឿងចក្របោសសម្អាតមីន និងម៉ាស៊ីនរាវមីន ALIS
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក KAMIISHI Hiroto តំណាងJICA ប្រចាំទីក្រុងតូក្យូ បានធ្វើជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញអង្គភាពCMAC លើជំនាញប្រើប្រាស់គ្រឿងចក្របោសសម្អាតមីន និងម៉ាស៊ីនរាវមីនALIS គាំទ្រដោយJICA។
សិក្ខាសាលានេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីជំនាញខាងគ្រឿងចក្រកម្ទេចមីននិងម៉ាស៊ីនរាវមីនALIS សរុបចំនួន៣៦រូប រួមមាន មន្ត្រីជំនាញរបស់អង្គភាពCMAC ក្រុមហ៊ុនNippon Koei មន្ត្រីJICAនៅភ្នំពេញនិងតូក្យូ ព្រមទាំងលោកសាស្ត្រាចារ្យ Sato Motoyuki ស្ថាបនិកម៉ាស៊ីនរាវមីន ALIS។
សិក្ខាសាលានេះមានបំណង វាយតម្លៃនិងបង្តើនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញអង្គភាពCMAC ដែលកំពុងបំពេញប្រតិបត្តិការនៅការដ្ឋានបោសសម្អាតមីន លើការប្រើប្រាស់គ្រឿងចក្របោសសម្អាតមីន និងម៉ាស៊ីនរាវមីនALIS ការប្រមូលធាតុចូល និងព័ត៌មានសំខាន់ៗអំពីការប្រើប្រាស់គ្រឿងចក្រ និងម៉ាស៊ីនរាវមីនALIS ដើម្បីរៀបចំឯកសារ និងមេរៀនដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់អង្គភាពក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការបោសសម្អាតមីនទៅកាន់ប្រទេសដែលកំពុងរងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌសង្រ្គាមនៅជុំវិញពិភពលោក។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក KAMIISHI Hiroto បានកោតសរសើរ និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គភាពCMAC សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ក៏ដូចជាការជួយដល់ប្រទេសនានា ដែលបាននិងកំពុងប្រឈមមុខនឹងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដូចជាប្រទេស កូឡុំប៊ី អ៊ុយក្រែន និងបណ្តាប្រទេសនៅទ្វិបអាហ្វ្រិក។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរបស់អង្គភាពCMAC មិនត្រឹមតែជួយកាត់បន្ថយចំនួនគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែបានជួយឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារយុទ្ធភណ្ឌសង្គ្រាម បានបង្កបង្តើនផលលើដីដែលបានបោសម្អាតមីនរួច ប្រយោជន៍ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ លោក KAMIISHI Hiroto បានបន្តថា JICA មានមោទនភាពក្នុងការធ្វើការជាមួយអង្គភាពCMAC ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន តាមរយៈគម្រោងនិងកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំង គម្រោងពង្រឹងសមត្ថភាពអង្គភាព គម្រោងពង្រឹងសមត្ថភាពលើសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅអ៊ុយក្រែនផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់JICA ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីជំរុញដល់មន្ត្រី-បុគ្គលិក អង្គភាពCMAC ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅកាន់បណ្តាប្រទេសដែលរងផលបះពាល់ដោយសារយុទ្ធភណ្ឌសង្គ្រាមដទៃទៀតក្នុងសកលលោក ជាពិសេសដូចជាប្រទេសអ៊ុយក្រែន។ ក្នុងន័យនេះ ឯកឧត្តម ហេង រតនា សូមសំណូមពរដល់បងប្អូនដែលបានចូលរួមក្នុងសិក្ខាសាលានេះ ត្រូវបញ្ចេញនូវទស្សនៈ ចំណេះដឹង បទពិសោធន៍ ក៏ដូចជាចូលរួមឱ្យសកម្មនៅក្នុងសិក្ខាសាលានេះ ព្រោះលទ្ធផលដែលទទួលបានពីសិក្ខាសាលានេះនិងអាចរៀបចំឯកសារជាមូលដ្ឋានសម្រាប់ធ្វើការវិភាគនិងអភិវឌ្ឍផែនការយុទ្ធសាស្រ្តមួយចំនួនលើផ្នែកការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាពរបស់យើង។
សូមជម្រាបថា កន្លងមកអង្គភាពCMAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់បណ្តាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌសង្រ្គាមនៅជុំវិញពិភព លោក។ ចាប់តាំងពីឆ្នាំ២០១០ អង្គភាពCMAC បានផ្ដល់ការហ្វឹកហ្វឺនដល់ប្រទេសមួយចំនួនដូចជាប្រទេស កូឡុំប៊ី ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសអង់ហ្គោឡា ប្រទេសអ៊ឺរ៉ាក់ ហើយថ្មីៗនេះប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនទៀតមកពីតំបន់អាហ្រ្វិក។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោកជំទាវ KAMIKAWA Yoko បានមកធ្វើទស្សនកិច្ចនៅបញ្ជាការCMAC ភ្នំពេញ និងបានធ្វើការប្រកាសលើការដាក់ចូលនៅទស្សនវិស័យចំនួន០៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជប៉ុន លើវិស័យសកម្មភាពមីន ក្នុងនោះរួមមាន៖ ១. លើកកំពស់ការយល់ដឹងអំពីការបោសសម្អាតមីនមនុស្សធម៌ និងជំរុញការចូលរួមក្នុងវិស័យសកម្មភាពមីនក្នុងឆាកអន្តរជាតិ ២. បង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិដោយភ្ជាប់ទំនាក់ទំនងនិងស្ថាប័នជាតិ ៣. កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើការគាំទ្រការបោសសម្អាតមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីននិង UXO នៅជុំវិញពិភពលោក ៤.អភិវឌ្ឍឧបករណ៍បោសសម្អាតមីន និងគ្រាប់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត៕








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង