ព័ត៌មាន
ក្រសួងសង្គមកិច្ចកម្ពុជា ពិភាក្សាការងារក្របខ័ណ្ឌកិច្ចការពារកុមារជាមួយ ក្រសួងការបរទេសអង់គ្លេស
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម David Lammy រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួងការបរទេសនាទីក្រុងឡុងដ៍។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើក្របខ័ណ្ឌកិច្ចការពារកុមារ ដើម្បីកែលម្អការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានចែករំលែកនូវព័ត៌មានអំពីការអភិវឌ្ឍប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ឋគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាអាទិភាពមួយ កំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមអភិក្រមហានិភ័យនៃវដ្តជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”។

ក្នុងក្របខ័ណ្ឌកិច្ចការពារកុមារ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យ អនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ក្នុងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានការប្តេជ្ញាខ្ពស់ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាក់លាក់ ដើម្បីកែលម្អការថែទាំជំនួស ការកាត់បន្ថយចំនួនមណ្ឌល និងចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំនៅតាមគ្រួសារនៅក្នុងសហគមន៍។ ជាមួយនឹងកម្មវិធីកំណែទម្រង់ការងារថែទាំ ជំនួសនេះ កម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ មណ្ឌលថែទាំកុមារត្រូវបានកាត់បន្ថយ ពី ៤០៦ មណ្ឌល នៅឆ្នាំ២០១៥ មកនៅត្រឹម ១៦៤ មណ្ឌល នៅឆ្នាំ២០២៤ ដែលចំនួនកុមារបានថយ ចុះពីប្រមាណ១ម៉ឺន ៦ពាន់នាក់ មកត្រឹម ជាង៤ពាន់នាក់។
ឯកឧត្តម David Lammy បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូចំពោះជំនួបពិភាក្សា និងការចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធកិច្ចការពារកុមារ ការលើកកម្ពស់ ការថែទាំកុមារនៅតាមគ្រួសារ និងការកាត់បន្ថយកុមារពីមណ្ឌលថែទាំជំនួសនៅកម្ពុជា។ ឯកឧត្តម បានសម្តែង នូវការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃការអនុវត្តកម្មវិធីថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ របស់រាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី David Lammy បាននិងកំពុងដឹកនាំយុទ្ធនា ការកាត់បន្ថយមណ្ឌលថែទាំកុមារនៅលើពិភពលោក ហេតុដូចនេះ ឯកឧត្តម បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីការងារ និងបទពិសោធន៍ពាក់ព័ន្ធនឹងការលើកកម្ពស់ការ ថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ ដែលឈានទៅកាត់បន្ថយមណ្ឌលថែទាំ៕







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន