ព័ត៌មាន
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ពោធជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈយោគយល់ និងសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញបច្ចេកទេសដល់យុវជននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

នៅក្នុងកម្មវិធីនេះ បន្ទាប់ពីការរាយការណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អំពីមជ្ឈមណ្ឌលថ្មីនេះ នឹងផ្តល់ការបណ្តុះបណ្តាលតាមរយៈការអនុវត្តន៍ផ្ទាល់ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍន៍ជំនាញ ដើម្បីធានាថា សិស្សានុសិស្សអាចទទួលបានបទពិសោធន៍អប់រំដ៏ទូលំទូលាយស្របតាមស្តង់ដារ។ ហើយតាមរយៈការចុះអនុស្សរណៈ ក្រុមហ៊ុន ប៉ាណាសូនិក នឹងធ្វើការផ្ដល់នូវម៉ាស៊ីនត្រជាក់ចុងក្រោយបង្អស់ ការបណ្តុះបណ្តាល អាហារូបករណ៍ កម្មសិក្សា និងធនធានសំខាន់ៗផ្សេងទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរ និងមានប្រសាសន៍ថា តាមរយៈការផ្តល់នូវសម្ភារៈបរិក្ខារទំនើបៗ និងការបណ្តុះបណ្តាលតាមស្តង់ដារនេះ ត្រូវបណ្ដុះបណ្ដាលសិស្សនិស្សិតនូវជំនាញចាំបាច់ និងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ និងវិស័យឧស្សាហកម្ម។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន ប៉ាណាសូនិក តាមរយៈ ការបរិច្ចាគឧបករណ៍ ម៉ាស៊ីនត្រជាក់ កម្មវិធីបណ្តុះបណ្តាល និងជំនួយផ្នែកអប់រំជាបន្តបន្ទាប់ ដល់វិទ្យាស្ថាន ITC ។

ជាមួយគ្នានោះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ។ ឯកឧត្តម សង្ឃឹមថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជាច្រើននាពេលអនាគត។ ឯកឧត្តម បានបន្ថែមថា កិច្ចសហការនេះ នឹងលើកកម្ពស់វិទ្យាស្ថាន ITC ឱ្យក្លាយទៅជាវិទ្យាស្ថានឈានមុខគេសម្រាប់ការសិក្សាផ្នែកវិស្វកម្មមេកានិកក្នុងប្រទេសកម្ពុជា និងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារពិភពលោក។

បើតាម លោក Hisakazu Maeda អគ្គនាយក នៃសាខាក្រុមហ៊ុន ប៉ាណាសូនិក អេស៊ា ប៉ាស៊ីហ្វិក ភាពជាដៃគូនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមគ្នា ដើម្បីរៀបចំយុវជនកម្ពុជាសម្រាប់អនាគត។ នៅពេលដែលបច្ចេកវិទ្យាជឿនលឿនក្នុងល្បឿនដ៏លឿន ប្រព័ន្ធអប់រំត្រូវតែវិវឌ្ឍន៍ជាចាំបាច់ ដើម្បីធានាថានិស្សិតទទួលបានជំនាញជាក់ស្តែងបន្ថែមលើចំណេះដឹងទ្រឹស្តី។ គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាការបើកដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលតែប៉ុណ្ណោះទេ វាគឺជាការវិនិយោគយុទ្ធសាស្ត្រ ក្នុងកម្លាំងពលកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមជំរាបជូនថា កិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន ប៉ាណាសូនិក ជាគំរូដ៏ល្អសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលអាចជំរុញការអប់រំបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដែលទើបបង្កើតថ្មីនេះ នឹងផ្តល់ឱ្យនិស្សិត វិទ្យាស្ថាន ITC នូវបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារ បង្កើនជំនាញបច្ចេកទេសរបស់ពួកគេបន្ថែមទៀត ព្រមទាំងរៀបចំពួកគេសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារការងារពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង