ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា « បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផលប្រយាជន៍នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំនៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)»។
ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) នេះ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic ព្រោះវាអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិតកាន់តែខ្ពស់នៅទូទាំងពិភពលោក។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីយើងម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាតាមរយៈបញ្ញាសិប្បនិម្មិត នឹងកាត់បន្ថយជាអតិបរមា នូវភាពស៊ាំនៃឱសថប្រឆាំងមេរោគ។ ចំពោះការងារសិក្សាស្រាវជ្រាវ ដែលយើងបានយកមកផ្សព្វផ្សាយនាពេលនេះ នឹងបានបង្ហាញឱ្យយើងឃើញថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់គ្រូពេទ្យ ក្នុងការសម្រេចចិត្តធ្វើការព្យាបាលអ្នកជំងឺឱ្យកាន់តែទាន់ពេល និងមានប្រសិទ្ធភាព នៅពេលកំពុងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
1. ក្រុមការងារមន្ទីរពេទ្យ បន្តដាក់បញ្ចូលទិន្នន័យជាក់ស្តែង ពីអ្នកជំងឺកម្ពុជាបន្ថែម ដើម្បីឲ្យការហ្វឹកហាត់ ម៉ូដែល Machine Learning ទទួលបានទិន្នន័យអំពីគំរូភាពស៊ាំមេរោគ របស់អ្នកជំងឺកាន់តែច្រើន ដែលនឹងធ្វើឱ្យ Application នេះ កាន់តែមានភាពសុក្រិត ក្នុងការប៉ាន់ប្រមាណកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគ។
2. បំពេញនូវឯកសារព័ត៌មានរបស់អ្នកជំងឺឱ្យបានលម្អិត និងពេញលេញ ព្រមទាំងប្រវត្តិនៃការសម្រាកពេទ្យ ដើម្បីក្លាយជាប្រយោជន៍ សម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ សំដៅបង្កើនប្រសិទ្ធភាពនៃការការពារ ថែទាំ និងព្យាបាល។
3. ពង្រីកការប្រើប្រាស់ Machine Learning នេះ ឱ្យបានទូលំទូលាយ កម្រិតទូទាំងប្រទេស ទាំងវិស័យរដ្ឋ និងឯកជន នៅពេលណាដែល Machine Learning នេះ មានភាពសុក្រិតក្នុងការប៉ាន់ប្រមាណកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគ។
4. បន្តយកចិត្តទុកដាក់ពង្រឹងយន្តការដែលមានស្រាប់ និងរៀបចំយន្តការថ្មីៗបន្ថែម ដើម្បីធានាថាកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយជាអតិបរមា។
5. ខិតខំបង្កើនការងារស្រាវជ្រាវ នវានុវត្តន៍ផ្សេងៗទៀត ក្នុងវិស័យសុខាភិបាល ដោយឱបក្រសោបឱ្យបានជាអតិបរមា នូវការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួល និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជាអង្គភាពសុខាភិបាលទាំងអស់ ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗ ខិតខំបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ដែលជាមូលធនមនុស្សដ៏រឹងមាំ ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ ត្រឹមឆ្នាំ២០៥០។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ៕
អត្ថបទ រដ្ឋា



















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង